ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត Camry មួយគ្រឿងបើកក្នុងល្បឿនលឿនហើយបានដាច់កាលឡេរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យភាគី ខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចខាងកើតស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះមិនស្គាល់ឈ្មោះពីរនាក់មានវ័យជាង២០ឆ្នាំត្របាលគ្នាជិះម៉ូតូសង់កូរ៉ូមួយគ្រឿងឌុបគ្នាធ្វើដំណើតាមផ្លូវបេតុងក្នុងសង្កាត់ព្រែកតាសេកពីលិច ទៅកើត ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត តូយ៉ូតាកាមរីមួយគ្រឿង ពណ៌ ប្រផែះគ្មានស្លាកលេខបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បោះពួយយ៉ាងលឿន បុកម៉ូតូជនរងគ្រោះទាំងពីរនាក់ពីក្រោយយ៉ាងពេញទំ ហឹងបណ្តាលឲ្យទៅខ្ទប់នឹងរបងថ្មអ្នកភូមិរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។ ចំណែកម៉ូតូដាច់កែបរងការខូចខាតយ៉ាងដំណំ។
សាក្សីបានឲ្យដឹងទៀតថាក្រោយបង្កហេតុរួច អ្នកបើកបររថយន្តបានបន្ថែមល្បឿនទៅ មុខបានប្រហែលជាង៥០ម៉ែត្រ ក៏ទុករថយន្តចោលរួចគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះទាំងពីរនាក់ត្រូវបានអ្នកភូមិទូរស័ព្ទហៅរថយន្តសង្រ្គោះដឹកទៅកាន់មន្ទីរ ពេទ្យភ្លាមដែរ ៕ ប្រាថ្នា