ភ្នំពេញ៖ ក្រោយពន្យារពេលប្រកាសសាលក្រមជាង៦ខែរួចមក លោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ កំណត់យករសៀលថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីប្រកាសសាលក្រមលើជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជា បច្ចុប្បន្នមានឈ្មោះជាប់ឃុំក្នុងពន្ធនាគារព្រៃសតែធាតុពិតកំពុងសម្រាកក្នុងមន្ទីរពេទ្យរុស្ស៊ីជាយូរមកហើយ និង ក្រុមអង្គរក្ស ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវឧកញ៉ា អ៊ឹង ម៉េងជឺ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា នេះ ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញ ថ្លែងថា នេះជាបទល្មើសឃាតកម្មគិតទុកជាមុន កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលតុលាការអាចមានជម្រើសពីរ គឺ ប្រកាសផ្តន្ទាទោស ឬ ប្រកាសលើកលែងការចោទប្រកាន់ ឬ អាចមានជម្រើសផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាជំនុំជម្រះ ។
លោក ថោង សារ៉ាត់ និង ក្រុមអង្គរក្ស ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ហើយមកទល់ពេលនេះ ក្រុមជនជាប់ចោទ ត្រូវជាប់ពន្ធនាគារជិត៣ឆ្នាំហើយ ។
លោក តុប ឈុនហេង ប្រធានក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អមដោយលោកម៉េង តូនីនិងលោកហេង កេសរោ ជាចៅក្រមប្រឹក្សា បានពន្យារពេលប្រកាសសាលក្រមរឿងក្ដីនេះជាង៦ខែហើយគិតចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ហើយទើបកំណត់ថ្ងៃប្រកាសសាជាថ្មី ថ្ងៃទី១៣ ខែវិច្ឆិកា ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា