ភ្នំពេញ៖ តារាទឹកភ្នែក នី មុនីនាថកំពុងប្រឈមនឹងបញ្ហាធំមួយក្រោយពីមានការទម្លាយរឿងរ៉ាវបោកប្រាស់ប្រាក់ និងស្នេហាគូដណ្តឹងជាអាណិកជននៅអាមេរិក។ នាងបានជ្រើសរើសមិនចេញមុខបកស្រាយ ឬចូលរួមកម្មវិធីមិត្តរួមអាជីព ក្រោយពីបណ្តឹងរបស់អតីតសង្សារប្តឹងទារជំងឺចិត្ត១២ម៉ឺនដុល្លារអាមេរិកបានទៅដល់ដៃតុលាការ។
នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកលោក អ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ ។ ក្រោយពេលផ្តាច់ពាក្យពីគូដណ្តឹង លោកអ៊ុង សូឡាង អាណិកជនខ្មែរ រស់នៅអាមេរិកមិនបានប៉ុន្មានផង ស្រាប់តែត្រូវបានអតីតគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ និងបើកកកាយរឿងប្រាក់ដែលនាងទទួលបានពីគូដណ្តឹងរហូតធ្វើឲ្យ នីមុនីនាថ មិនសូវហ៊ានបង្ហាញមុខជាសាធារណៈដូចមុន។
តាមការបញ្ជាក់ពីលោកមេធាវី លើកឡើង ថា មុននិងក្រោយភ្ជាប់ពាក្យលោក អ៊ុង សូឡាងបានផ្តល់ទាំងគ្រឿងពេជ្រ និងទឹកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក តាមការស្នើសុំរបស់ នី មុនីនាថ ហើយលុយទាំងនោះត្រូវបាននាងយកទៅទិញដី និងរថយន្តជិះផងដែរ។ ប៉ុន្តែក្រោយពីលោកអ៊ុង សូឡាង បានព្យាយាមបំពេញសំណុំបែបបទគ្រប់យ៉ាងសព្វគ្រប់រួមទាំងទទួលបានVisaចេញទៅរស់នៅអាមេរិកហើយ បែរជានី មុនីនាថបដិសេធមិនព្រមរៀបការ និងលើកយកលេសមិនចេះចប់រហូតដល់សុំលោកផ្តាច់ពាក្យ។
ក្រោយពេលផ្ទុះរឿងអាស្រូវនេះ មុនីនាថ ពុំបានចេញមុខបកស្រាយនោះទេ សូម្បីរាល់កម្មវិធីជប់លៀង ខួបកំណើតអ្នកសិល្បៈជិតដិត ក៏នាងមិនបានចូលរួមដែរ ដែលភាគច្រើនគេឃើញវត្តមានម្តាយរបស់នាងមកជំនួស ហើយម្តាយនាងលើកហេតុផងថា មិនទំនេរ រវល់ជាប់ថត។
គួរបញ្ជាក់ដែរថា មុនពេលបែកបាក់ស្នេហ៍ជាមួយអាណិកជនអាមេរិក លោក អ៊ុង សូឡាង នីមុនីនាថ ធ្លាប់ ធ្លាយដំណឹងស្នេហ៍បុរសពោះម៉ាយនៅអាមេរិក លោកកែវ កុសល្យ ។ ទោះជាយ៉ាងណា គេនៅមិនទាន់បានដឹងអំពីដំណឹងចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅពេលណានោះដែរ៕ វឌ្ឍនា