ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនយុវជន២នាក់ពីបទប្រើប្រាប់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ពីបទប្រើប្រាស់សារធាតុញៀត ការពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទល់មុខក្រុមហ៊ុនហុងដា ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានឲ្យសារព័ត៌មាននគរវត្តដឹងថា យុវជនដែលបានឃាត់ខ្លួន ទី១.ឈ្មោះ សុខ នី អាយុ១៤ឆ្នាំ មុខរបរត់រុឺម៉កម៉ូតូ ស្នាក់ម្តុំផ្សារកណ្តាល មានស្រុកកំណើត នៅភូមិដៃបួន ស្រុកកំពង់ចាម ខេត្តកំពង់ចាម និងទី២.ឈ្មោះ យ៉ែង វណ្ណា អាយុ១៧ឆ្នាំ មុខរបរលក់ដូរម្តាយនៅផ្សារ ស្នាក់ម្តុំផ្សារច្បាអំពៅ មានស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ជាមួយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ៣គ្រឿង, កាបូបដៃ១ និងកាបូបស្ពាយ១។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានការឃាន់ខ្លួនយុវជនទាំង២នាក់ខាងលើ គឺកម្លាំងប៉ុស្តិ៍នគរបាលទឹកល្អក់៣ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងសាឡាង ជិះម៉ូតូល្បាតនៅក្នុងភូមិសាស្រ្តដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។

លុះមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-7439 ជិះគ្នា២នាក់ និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មានគ្នាជិះ២នាក់ផងដែរ ដោយពួកគេទាំង៤នាក់នោះ មានសភាពខុសប្រក្រតីពេលឃើញសមត្ថកិច្ច។

ដោយមានការសង្ស័យ កម្លាំងក៏បានហៅឈប់ដើម្បីសួរនាំ ខណៈនោះ យុវជន២នាក់ដែលជិះម៉ូតូ១គ្រឿងមិនចាំស្លាកលេខ មិនបានឈប់ឲ្យសមត្ថកិច្ចឆែកឆេរនោះទេ ក៏ព្យាយាមបើកម៉ូតូជិះរត់គេចបាត់ស្រមោល នៅសល់តែយុវជន២នាក់ដែលឃាត់ខ្លួនខាងលើ និងម៉ូតូ១គ្រឿង រួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរខណ្ឌទួលគោកតែម្តង។

បច្ចុប្បន្ន យុវជនទាំង២នាក់ខាងលើ ក្រោយពីសមត្ថកិច្ចពិនិត្យទឹកនោមរួច គឺបង្ហាញថា ពួកគេមានសារធាតុញៀនក្នុងខ្លួន ទើបសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅមណ្ឌលកែប្រែ៕ សុខាសែនជ័យ


ចែករំលែក៖