ភ្នំពេញ ៖ ហតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ដែលគេអះអាងថា ជាមន្ត្រីនគបាល បានបើក រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX៣០០ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ម្នាក់ជាមន្ត្រីយោធារងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ១០៦ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកឡិចស៊ីស RX៣០០ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1434 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ វ័យប្រហែល ៣០ឆ្នាំ គ្រាន់តែអៈអាងថាជាមន្ត្រីនគរបាល ។ចំណែកឯជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់ឈ្មោះរងរបួសធ្ងន់ ជិះម៉ូតមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-3398 ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ១០៦ ខណៈនោះ ស្រាប់តែរថយន្តបង្ក ម៉ាកឡិចស៊ីស RX៣០០ ពណ៌កណ្តុរប្រមេះ ពាក់ បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីលិចទៅកើត ដោយបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាង ពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់តែម្តង ។
ក្រោយកើតហេតុភាគីខាងរថយន្តបង្កហេតុ ព្យាយាមបើករត់គេចខ្លួនទាំងបែកកង់ ភ្លាមនោះក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ នាំគ្នាជួយអន្តរគមន៍ដេញតាមចាប់ពីក្រោយ លុះមកដល់ចំណុចខាងមុខខុនដូ ស្តារឃីង តាមបណ្តោយផ្លូវ១០៧ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបឃាត់រថយន្តបង្កបាន ដោយឃើញបុរសដែលជាអ្នកបើកបររថយន្តនោះ ដោះអាវចេញ ដោយសារតែខ្លួនពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលផងដែរ ។
ក្រោយហេតុការណ៍នោះសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងជាមួយកម្លាំងនគរបាលចរាចរណ៍ ចុះមកធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស តារា