ភ្នំពេញ៖ ក្រុមចោរប្លន់ម៉ូតូ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយពីធ្វើសកម្ម ភាពវាយប្លន់យកម៉ូតូមួយគ្រឿងពីអ្នកគ្រូបង្រៀនម្នាក់បានសម្រេចតែចុងក្រោយរត់ គេចមិនរួចពីដៃរបស់សមត្ថកិច្ច។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច ផ្លូវលំ ក្នុងភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើ ទី១-ឈ្មោះ ជួន ធី ហៅម៉ាប់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជម្រះពេន ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ គឹម ទីននីន ហៅទីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ផាន់ ចិន្តា អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅ ភូមដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះជូនកូនក្មួយទៅរៀន ហើយ ចែកសៀវភៅ ឲ្យសិស្សនៅវិទ្យាល័យបឹង ព្រៃ។ បន្ទប់ពីចែកសៀវភៅឲ្យសិស្សរួចរូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលាខាងលើដើម្បីទៅបង្រៀនសិស្សនៅសាលាយេស៊ូ មួយកន្លែងទៀត។ ពេលជិះបានចម្ងាយ ប្រហែល១០០ម៉ែត្រពីសាលាស្រាប់តែមានជនសង្ស័យចំនួន៣នាក់បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកតាមក្រោយ ហើយមកដល់ ចំណុចកើតហេតុពួកគេបានជិះកៀរម៉ូតូ គាត់បណ្តាលឲ្យដួល ហើយបក្ខពួកជន សង្ស័យម្នាក់ដែលជិះខាងក្រោយបានស្ទុះលោតចុះពីលើម៉ូតូពួកគេមកលើកម៉ូតូរបស់គាត់ជិះហើយគាត់បានស្រែកឆោឡោឲ្យគេជួយ។ ភ្លាមៗនោះជនសង្ស័យដែលលើក ម៉ូតូគាត់នោះបានវាយចំមុខគាត់មួយដៃ បណ្តាលឲ្យដួលរួចហើយក៏បានគំរាមគាត់ និងប្រាប់ទៅបក្ខពួកថាឲ្យយកកាំភ្លើងមកបាញ់។ ពេលនោះគាត់ក៏លែងស្រែកខ្លាចពួកវាបាញ់សម្លាប់រួចជនសង្ស័យទាំង៣ នាក់ក៏បាននាំគ្នាយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយទទួលបានពាក្យបណ្តឹងពីជន រងគ្រោះសមត្ថកិច្ចខណ្ឌព្រែកព្នៅបាន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងដេញតាមជនសង្ស័យទាំង៣នាក់នោះភ្លាមៗ រហូតមកដល់មុខផ្សារព្រែកព្នៅទើបកម្លាំងសមត្ថិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតបានម៉ូតូជនរងគ្រោះមកវិញ។ ចំណែកបក្ខពួកគេម្នាក់ទៀតបានរត់គេច ខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើឯកសារប្រគល់ម៉ូតូទៅឲ្យជន រងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ ហេង នរិន្ទ្រ