ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ ផលិតករ ក្មេងចាស់ប្រុស ស្រីជាង២០០នាក់ បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិត រឿង “សសរកន្លោង” នៅក្នុ្ងងបរិវេនផ្សារទំនើបអ៊ីអន កាលពីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ផលិតករបានបង្ហាញពីក្តីរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះតែជារឿងដែលមានគុណភាពប្រកួតប្រជែងខ្ពស់មួយ។
កម្មវិធីសម្ពោធរឿង ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ដែលមានទាំងការតុបតែងឆាក និងការរៀបចំឲ្យតារាសម្តែងក្នុងរឿងខាងលើស្លៀកសម្លៀកបំពាក់បែបសម័យអាណានិគមនិយមបារាំង ដែលជាសាច់រឿងនៃផ្នែកមួយរបស់ភាពយន្តឆ្លុះបញ្ចាំងពីសម័យនោះផងដែរ។
លោក ចាន់ណា រ៉ូណាន ផលិតកររឿង«សរសរកន្លោង» បានលើកឡើងថាលោករំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះនឹងទទួលបានជោគជ័យ ក្នុងពេលដាក់បញ្ចាំងលក់សំបុត្រចាប់តាំងពីថ្ងៃទី៩ វិច្ឆិកា តទៅនោះផងដែរ ដោយសារតែលោកសម្អាងថា ភាពយន្តមួយនេះ ទទួលបានចាប់អារម្មណ៍ពីសំណាក់អ្នកធ្លាប់ជឿជាក់លើស្នាដៃរឿង «កំណត់ហេតុនាថនាថ»របស់លោកកន្លងមក។
លោកថា ភាពយន្តរឿង«សសរកន្លោង» លោកសម្រិតសម្រាំងទាំងប្លង់ សំឡេង និងរំលេចឈុតភ័យខ្លាចច្រើនរួមជាមួយនឹងឈុតឆាកកំប្លែងជាច្រើនផងដែរ។ លោកថា ភាពយន្តនេះចំណាយទុនប្រមាណជាង៧ម៉ឺនដុល្លារអាមេរិក និងត្រូវរៀបចំផលិតអស់ជាច្រើនខែ ដើម្បីប្រាកដថា ជាភាពយន្តដែលមានគុណភាពប្រកួតប្រជែង។
ប្រធានសមាគមសិល្បករខ្មែរ បានថ្លែសាទរចំពោះផលិតកម្ម ឥន្ទ្រានិម្មិតដែលមានផលិតករសិល្បករវ័យក្មេងជាច្រើនបានបង្ហាញស្នាដៃរៀបចំ និងផលិតភាពយន្តប្រកបដោយគុណភាពទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ អ្នកនាងលើកឡើងដែរថា ការចូលរួមកុះកររបស់សិល្បករផលិតករនៅពេលនេះក៏ជាការឆ្លុះបញ្ចាំងពីការរួមសាមគ្គីភាពគ្នាក្នុងការលើកស្ទួយវិស័យសិល្បៈផងដែរ។ អ្នកនាងថ្លែងកោតសសើរចំពោះផលិតករលោក ចាន់ណា រ៉ូណាន ដែលបានផលិតភាពយន្តថ្មីៗកន្លងមកប្រកបដោយគុណភាព និងចូលរួមបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។
ផលិតរបញ្ជាក់ថា ក្រោយប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅភ្នំពេញលោកក៏គ្រោងដឹកនាំសិល្បករជាច្រើនដែលសម្តែងភាពយន្តនេះចេញទៅបន្តជួបអ្នកគាំទ្រនៅតាមបណ្តាខេត្តនានាមួយចំនួនទៀត៕ វឌ្ឍនា