ភ្នំពេញ៖ ក្រុមយុវជនក្មេងៗចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធ(ដាវកែច្នៃ)គ្មានការអនុញាត កាលពីវេលាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខណៈពេលពួកគេកំពុងសេពគ្រឿងញៀននៅទីនោះ។
មន្រ្តីប៉ូលិសខណ្ឌសែនសុខបានឲ្យដឹងថា នៅវេលាម៉ោង២១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋល្អបានសហការជាមួយនិងសមត្ថកិច្ចបានរាយការណ៍មកថា មានកម្មករសំណង់មួយក្រុម កំពុងនាំគ្នាជក់ថ្នាំញៀន នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅភូមិគោកឃ្លាង។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម បានរៀបចំប្រមូលកម្លាំងចេញទៅបង្ក្រាបភ្លាមៗឃាត់ខ្លួនបុរសបាន៣នាក់ និងឧបករណ៍សម្រាប់សេពថ្នាំញៀនមួយកំប្លេ ព្រមទាំងដកហូតដាវកែច្នៃចំនួន២ដើមទៀតផង។
ជនទាំង៣នាក់ខាងលើ ១.ឈ្មោះ បឹង ឧត្តម អាយុ២១ឆ្នាំ ជាកម្មករសំណង់ ពួកគេស្នាក់នៅក្នុងការដ្ឋានសំណង់នោះរួមគ្នា។ ២.ឈ្មោះ ស្រេង ជុងម៉េង អាយុ២១ឆ្នាំជាកម្មករសំណង់។ ៣. ឈ្មោះ ងន ឡុង អាយុ២២ឆ្នាំ ជាកម្មករសំណង់។
ប៉ូលិសនិយាយថា ក្រោយពេលឃាត់ខ្លួនពួកគេរួចសមត្ថកិច្ចបានប្រើប្រាស់ឧបករណ៍សម្រាប់ត្រួតពិនិត្យទឹកនោមយកគេរកឃើញមានផ្ទុកនូវសារធាតុញៀនទាំងអស់គ្នា ដូចនេះពួកគេមានទោសប្រើប្រាស់អាវុធខុសច្បាប់ផងនិងមានទោសពីបទប្រើប្រាស់ (សេព)ថ្នាំញៀនខុសច្បាប់មួយមុខទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា