ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរសង្គមកិច្ច និងយុវនិតិសម្បទាខេត្តកំពង់ស្ពឺបានធ្វើបច្ចុប្បន្នភាពដល់កងកម្លាំងយោធា នគរបាល មន្ត្រីរាជការទូរទាំង៨ស្រុក ក្រុងក្នុងខេត្តកំពង់ស្ពឺ ទាំងមូលដែលត្រូវចូលនិវត្តន៍ដើម្បីងាយស្រួលក្នុងការពន្លឿនទៅថ្នាក់លើបន្តទៀត ។
បើតាមសម្តីរបស់លោកលុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ចបានមានប្រសាសន៍ឲ្យកាសែតនគរវត្តដឹងថា ការធ្វើបច្ចុប្បន្នភាពនេះ គឺដើម្បីងាយស្រួលដល់មន្ត្រីរាជការកងកម្លាំងទាំង៣ នៅក្នុងស្រុកក្រុងចំនួន៨ ទូទាំងខេត្តកំពង់ស្ពឺ និងគ្រួសារសពពលីផងដែរ និងជួយពន្លឿនដល់ការងារឆាប់ទទួលបាននូវប្រាក់បៀវត្តន៍ផងដែរ។
លោកបានបន្តទៀតថា ការចូលនិវត្តន៍របស់មន្ត្រីតាមមន្ទីរ និងកងកម្លាំងទាំងអស់មានជាបន្តបន្ទាប់ តាមអាយុកាលជាច្រើនអ្នកជារៀងរាល់ឆ្នាំ ហើយខាងមន្ទីរតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការរបស់បងប្អូនទាងអស់មិនរើសអើងចំពោះជនណាម្នាក់នោះឡើយ។
ជាចុងក្រោយ លោកក៏សូមសំណូមពរផងដែរ ដល់មន្ត្រីរាជការ និងកងកម្លាំងទាំង៣នៅក្នុងខេត្តកំពង់ស្ពឺ ទាំងមូលដែលមិនទាន់បានបំពេញសំណុំបែបបទ សូមរួសរាន់ឡើងមកបំពេញនៅមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិត្រពាំងលើកសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕ សេនាសក្តិ