ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ បន្ទាប់ពីរថយន្តម៉ាក តូយូតាTacoma បើកបុកម៉ូតូ ជនរងគ្រោះបណ្ដាលឲ្យគៀបក្រោមរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបែកជាបួន តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែនិងឃើញហេតុការណ៍ខាងលើនេះ បានប្រាប់អោយដឹងថា ដំបូងគេឃើញរថយន្តTacoma ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AQ-0313 បានបើកបរតាមបណ្ដោយផ្លូវ១៣៦ ទិសដៅពីលិចទៅកើត ហើយបានឆ្លងកាត់ផ្លូវព្រះនរោត្ដម ក្នុងល្បឿនលឿនល្មម ស្របពេលនោះ ក៏មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហង់ដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-5084 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនល្មម ហើយភាគីខាងម៉ូតូរងគ្រោះបានព្យាយាមជិះអោយផុតមុននិងរថយន្តTacomaបើកឆ្លងផ្លូវ តែភាគីខាងម៉ូតូជិះមិនទាន់ផុតផង ក៏ត្រូវរថយន្តTacomaបើកបុកចំពីចហៀងពេញទំហឹង បណ្ដាលអោយម៉ូតូគៀបជាប់ក្រោមរថយន្ត អូសជិត៥ម៉ែត្រ ចំណែកម្ចាស់ម៉ូតូបានខ្ទៀតចេញពីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយកើតហេតុភ្លាមៗ បុរសរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យកាល់ម៉ែត្រ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ចំណែកភាគីខាងរថយន្តTacoma បានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅនិងកន្លែង ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមក្រោយ ៕ស តារា