ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រី និងទឹកស៊ីអ៊ីវ មួយកន្លែង ដែលមានស្លាកសញ្ញារូប “ក្បាលមាន់” ស្ថិតនៅផ្ទះលេខ៨ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចរកឃើញមានជាតិគីមី និងគ្មានស្តង់ដារ ធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគខ្លាំង ។
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យទីតាងខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូលបានចុះទៅត្រួតពិនិត្យសិប្បកម្មផលិត ផលិតគ្មានគុណភាព អនាម័យ និងគ្មានស្តង់ដារ។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះកំពុងត្រួតពិនិត្យមើលការផលិត និងគុណភាព ដែលផលិតនោះតើមានគុណភាព ឬមានស្តង់ដារដែរឬអត់ ។
បច្ចុប្បន្នសមត្ថកិច្ចបានយកទឹកសៀង ទឹកម្ទេស ទឹកត្រី និង ទឹកស៊ីអ៊ីវ មួយចំនួន ដើម្បីមើលគុណភាព និងពិនិត្យវត្ថុធាតុដើមផលិតត្រូវតាមស្តង់ដារដែរឬទេ ប្រសិនបើពិនិត្យទៅឃើញថា គ្មានគុណភាព ផលិតឡើងដោយជាតិគីមី ម្ចាស់សិប្បកម្មមួយកន្លែងនេះ នឹងត្រូវឃាត់ខ្លួនដើម្បីយកទៅសាកសួរ និងអនុវត្តតាមច្បាប់ ៕ ភារ៉ា ដង្កោ