ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអនុវត្តាមដីកាតុលាការចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ករណីឆបោកប្រាក់ក្រុមហ៊ុនជាង១០ម៉ឺនដុល្លារនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប (ACG)ម្នាក់ ក្នុងបទល្មើសឆបោកប្រាក់ក្រុមហ៊ុនជាង១០ម៉ឺនដុល្លារ ក្នុងរឿងដីធ្លីនៅម្តុំសួនស្ព័រភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការចាប់ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនមានឈ្មោះកៅ សុធា ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅរាជធានិភ្នំពេញកម្លាំងនគរបាល បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យខណៈដែលជននោះធ្វើដំណើរពីភ្នំពេញមកខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យកាសែតនគរវត្តដឹងថា អគ្គនាយកក្រុមហ៊ុនរូបនោះបានរងការប្តឹងពីសមាជិកក្រុមហ៊ុននៅតុលាការខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១០ ក្នុងសំណុំរឿងពហ្មទ័ណ្ឌលេខ:៥៤៣ត្រូវបានសាលក្រមព្រហ្មទ័ណ្ឌលេខ:១៧(ឆ១)ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចកាត់ទោសកំបាំងមុខ ករណីឆបោក (រឿងយកដីអ្នកដទៃ ដែលបានចូលហ៊ុនរកស៊ីជាមួក្នុងក្រុមហ៊ុនACG ទៅលក់យកលុយស៊ីដាច់តែម្នាក់ឯង) ស្ថិតម្តុំសួនស្ព័រនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

ជននេះ ក៏ធ្លាប់អួតអាងពីខ្សែអ្នកធំ ហើយមានគំនិតទុច្ចរឹតក្នុងការរកស៊ីឆបោកប្រាក់ហ៊ុនក្រុមហ៊ុនក្នុងអាជីវកម្មអចលនវត្ថុធ្វើសំណង់ផ្ទះល្វែង ផ្សារទំនើបនៅម្តុំសួនស្ព័រនោះ។

ទើបពេលនេះ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ហើយត្រូវបានចាប់បញ្ជូនទៅដាក់ពន្ធនាគាររួចហើយនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ៕សំ វិច្ឆិកា


ចែករំលែក៖