ភ្នំពេញ៖ រថយន្ត២តោនកន្លះបានបើកបុករថយន្តឡង់គ្រីស័របណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំ ហើយក៏រេចង្កូតក្រឡាប់ធ្លាក់ទឹកខ្លួនឯងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខាងជើងវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ ផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលអ្នកបើកបររថយន្ត២តោនកន្លះនេះមានសភាពស្រវឹងផងដែរ។
ប្រភពពីបុរសម្នាក់ប្រជាការពារសង្កាត់បានឲ្យដឹងថា មុនពេលកើតហេតុគឺរូបគាត់បានឃើញភាគីអ្នកបើកបររថយន្ត២តោនកន្លះនោះ អង្គុយផឹកទឹកត្នោតជូរនៅក្បែរវត្តឬស្សីសាញ់ ក្រោយមកក៏ឃើញអ្នកទាំង២ប្តីប្រពន្ធប្រកែកគ្នាយ៉ាងខ្លាំង ហើយនាំគ្នាដើរសំដៅទៅរថយន្តបើកចេញទៅ។ ប្រភពដដែលបន្តថា ស្រាប់តែមួយសន្ទុះក្រោយមកក៏កើតហេតុនេះតែម្តង។
បុរសភាគីម្ចាស់រថយន្ត២តោនកន្លះបានប្រាប់ថា រូបគាត់បើកបររថយន្តពីត្បូងមកជើង ហើយរថយន្តឡង់គ្រីស័រនោះបានជិះចូលស្តាំដៃគាត់ទើបគាត់បុក ហើយរថយន្តគាត់ធ្លាក់ប្រឡាយទឹកទៀត។
ដោយឡែកសមត្ថកិច្ចបាននិយាយថា អ្នកបើកបររថយន្តធំ២តោននេះមានអាការៈស្រវឹងខ្លាំងណាស់និយាយមិនត្រូវរ៉ូវគ្នាទេ ហើយករណីរងចាំដោះស្រាយគ្នានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅឯអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
សមត្ថកិច្ចជំនាញបន្តថា រថយន្តបង្កហេតុម៉ាកHYUNDIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-5954ធ្វើដំណើរពីត្បូងមកជើង។ ចំណែករថយន្តរងគ្រោះម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ៣៧៣ ធ្វើដំណើរពីជើងទៅត្បូង។
ក្រោយធ្វើការវាស់វែងរួចរថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំភាគីទាំង២ចូលខ្លួនដោះស្រាយគ្នាតាមច្បាប់៕ តាឡឹម