ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទកើតមានអនាធិបតេយ្យនៅតំបន់បឹងទន្លេសាបក្នុងស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បទល្មើសនេសាទខុស ច្បាប់បណរ៉ាវមានប្រវែងរាប់ពាន់ម៉ែត្រ នៅតាមដងទន្លេសាបក្នុងស្រុកសង្កែខេត្តបាត់ដំបងតែបែរជាមន្ត្រីជំនាញឆ្លើយថា អត់ដឹង ទៅវិញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើស នេសាទខុសច្បាប់បណរ៉ាវ នៅតំបន់បឹង ទន្លេសាប ដែលមានប្រវែងរាប់ពាន់ម៉ែត្រ មានទីតាំងនៅចំណុចអាទាំងក្រហម ស្ថិត ក្នុងឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុក សង្កែ ខេត្តបាត់ដំបង ដែលសកម្មភាពទាំង នេះកំពុងបំផ្លាញធនធានកូនពូជត្រីធម្មជាតិ រាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំង បទល្មើសនេសាទ (បណរ៉ាវ)ខុសច្បាប់ ដែលមានប្រវែងរាប់ ពាន់ម៉ែត្រខាងលើ ត្រូវបានក្រុមអ្នកនេសាទដាក់ជារៀងរាល់ឆ្នាំ ហើយមិនដែលឃើញ មានមន្ត្រីជំនាញចុះ មកបង្ក្រាបឡើយដោយសង្ស័យថាប្រហែលការត្រូវរូ៉វគ្នារវាងក្រុមអ្នកនេសាទនឹងមន្ត្រីជំនាញ ហើយទើបអាចបើកភ្លើងខៀវឲ្យ ប្រព្រឹត្តបទល្មើសបានយ៉ាងរលូនបែបនេះ។

លោក ជួង សុភា នាយខណ្ឌជលផល ខេត្តបាត់ដំបងបានប្រាប់សារព័ត៌មាន កាល ពីរសៀល ថ្ងៃទី៨ វិច្ឆិកាថា បទល្មើស នេសាទដែលលើកឡើងខាងលើ លោក អត់ដឹងទេ ព្រោះខាងប្រជាពលរដ្ឋ និង សហគមន៍មិនដែលរាយការណ៍មកខាង ជលផលនោះទេ ។ ម្យ៉ាងវិញទៀត កម្លាំងលោកតិច លោកគិតតែការពារកន្លែងដែលអភិរក្សទេ ក្រៅពីនេះលោកបានប្រគល់ឲ្យខាងមូលដ្ឋាន ដែលជាគណៈឯកភាព ស្រុកនៅទីនោះហើយមានការណ៍អីទើបលោកសហការគ្នាចុះបង្ក្រាប។

លោកបន្តថា ប៉ុន្តែគេធ្វើអ្វីនោះមិន ដែលរាយការណ៍មកជលផលថា ម្តេចផង ទេ ហើយរយៈពេលកន្លងមកលោកបាន ប្រាប់ថា បើសិនជាមានបទល្មើសកន្លែងណាឲ្យសហការគ្នាទៅទាំងអស់គ្នា ដើម្បីឲ្យ លោកបំពេញបែបបទជូនក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ ដែលធ្លាប់លើកនៅក្នុងសិក្ខាសាលានៅខេត្ត កំពង់ចាមកាលពីកន្លងទៅហើយមានមនុស្សរាប់រយនាក់ សហគមន៍ ចូលរួមទូទាំងប្រទេស ។ តែពេលគេធ្វើគេអត់ដែលហៅខាងមន្ត្រីជំនាញរបស់លោកឡើយ។

ចំណែកលោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបងបានមានប្រសាសន៍ថា លោក អត់ដឹងទេ ផ្នែកជលផលចំណុះឲ្យក្រោមការគ្រប់គ្រងរបស់មន្ទីរមែន ប៉ុន្តែគេធ្វើអ្វីគេមិនដែលរាយការណ៍ប្រាប់មកខាងមន្ទីរនោះឡើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖