ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់លើកឡើងជុំវិញបញ្ហាបើកកន្លែងរកស៊ីផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ក្នុងវេទិកាសាធារណៈនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កន្លែងម៉ាស្សាកោសជប់ដែលគេមិនរំពឹងជាកន្លែងរកស៊ីដោយសុចរិតនោះ ហើយក៏មិនមែនបើកតែការរកស៊ីកោសជប់ម៉ាស្សានោះដែរ ព្រោះបើគិតតែទៅលើថ្លៃជួលផ្ទះគឺមានតម្លៃរាប់រយដុល្លារក្នុង ១ខែៗ ដែលតម្លៃនេះវាមិនស៊ីចង្វាក់នឹង តម្លៃកោសជប់១០.០០០រៀល(មួយ​ម៉ឺន​រៀល) ក្នុងម្តងៗ នោះទេនិងពេលខ្លះ ស្ទើរតែពុំមានភ្ញៀវចូលកោសជប់ផងដែរ ដែលជាហេតុនាំឲ្យមានការរិះគន់លើកឡើងនៅក្នុងវេទិកាសាធារណៈថា ទីតាំងទាំងនេះជាកន្លែងបម្រើសេវាកម្មផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ស្នើសុំឲ្យអាជ្ញាធរ ខណ្ឌមានជ័យចុះត្រួតពិនិត្យឲ្យបានល្អិតល្អន់ ។

ស្ត្រីម្នាក់រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើបានចូលរួមលើកឡើងជុំវិញបញ្ហាខាងលើនេះ នៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី កាលពីក្នុងអំឡុងខែតុលាកន្លងទៅនៅ សាលាខណ្ឌមានជ័យនោះថា កន្លែងម៉ាស្សាកោសជប់គឺជាកន្លែងលួចបង្កប់សេវាកម្ម បម្រើផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀន ដែលកន្លងទៅអាជ្ញាធរខណ្ឌមានជ័យហាក់បីដូចជាមានភាពធូររលុងក្នុងការរឹតបន្តឹងទៅលើបញ្ហាទីតាំងម៉ាស្សាកោសជប់ទាំងនេះ។

ស្ត្រីដដែលបានលើកឡើងមិនសំចៃមាត់ថា ឃើញតែសមត្ថកិច្ចស្លៀកពាក់ឯក សណ្ឋាន និងជួនកាលស្លៀកពាក់ស៊ីវិល មកយកលុយជាប្រចាំខែមិនដឹងថាពួកគេជាសមត្ថកិច្ចមកពីខាងណានោះទេ ។ ស្ត្រី ដដែលបន្តថា នៅមានបញ្ហាជាច្រើនទៀតដែលម្ចាស់ហាងម៉ាស្សាកោសជប់បង្ករឿងរ៉ាវជាមួយនឹងភ្ញៀវដែលបាត់បង់របស់របរដូចជាលុយដុល្លារជាដើម។ នៅពេលគេប្តឹងទៅនគរបាលប៉ុសិ៍្តគឺបានត្រឹមតែប្តឹងប៉ុណ្ណោះតែរបស់របរលុយកាក់ដែលបាត់នោះគ្មានបានមកវិញនោះទេ ដែលមូលហេតុមកពី មានការត្រូវរ៉ូវគ្នា។

គួរបញ្ជាក់ថា កន្លែងម៉ាស្សាកោសជប់នៅតាមបណ្តោយផ្លូវលេខ៣៧១ មាន ប្រហែលជាង២០ទៅ៣០កន្លែង នៅផ្លូវវ៉េង ស្រេង សង្កាត់ស្ទឹងមានជ័យមានចំនួន១០កន្លែងនិងនៅក្នុងបុរីនានាជាច្រើនផងដែរ ៕ តាឡឹម


ចែករំលែក៖