ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ឡើងលើគំរាមមួយគ្រាប់យកម៉ូតូក្មេងប្រុសម្នាក់គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីក្មេងប្រុសម្នាក់ គេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។

ជនរងគ្រោះខាងលើមាន ឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅ កន្លែងកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុលម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ជិះគេចចេញទៅបាត់ដោយសុវត្ថិភាព ។

តាមក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយឲ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះ ក្នុងគោលបំណងរង់ចាំឌុបជូនម្ដាយទៅផ្សារ ស្រាប់តែ លិចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយ ក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគំរាម មួយគ្រាប់ រួចជិះគេចចេញទៅបាត់ដោយស្រមោលតែម្តង ។

ក្រោយផ្ទុះអាវុធដោយសារបាញ់គម្រាមប្លន់យកម៉ូតូ រួចសមត្ថកិច្ចទាំងកម្លាំងអាវុធហត្ថ ទាំងនគរបាលចុះទៅ ពិនិត្យ សាកសួរដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅ សាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើ មកផ្តន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖