ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញរណ្តៅដីនៅស្រុកអង្គរជ័យខ្លាំងជាងស្ថាប័នជំនាញដោយជីកជម្រៅជាង២០ម៉ែត្រ

ចែករំលែក៖

ខេត្តកំពត ៖ រណ្តៅដីមួយកន្លែង ដែលក្រុមឈ្មួញកាយស្ទើរក្លាយជាជ្រោះមរណៈទៅហើយនោះមិនមានមន្ត្រីជំនាញនិង អាជ្ញាធរដែនដីចុះទៅអើពើឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា រណ្តៅដីខាងលើ កាយដោយក្រុមហ៊ុនមួយ ឈ្មោះ គ្រីស ហេង មានទីតាំងជាប់ផ្លូវបេតុងវត្តពេជ្រចង្វា ខាងកើតវត្តភ្នំត្នោត ក្នុងភូមិ ពេជ្រចង្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ។

ប្រជាពលរដ្ឋបញ្ជាក់ថា រណ្តៅដីនេះ ត្រូវបានគេលួចកាយជាយូរមកហើយ មានទំហំប្រមាណជា៦០ម៉ែត្របួនជ្រុង ហើយបច្ចុប្បន្នជម្រៅជិត២០ម៉ែត្រ ដែល ជាហេតុងាយបង្កគ្រោះថ្នាក់ដល់អ្នកធ្វើ ដំណើរតាមផ្លូវ ជួបហេតុការណ៍ជ្រុលចង្កូតធ្លាក់ចូលក្នុងរណ្តៅ ឬបង្កគ្រោះថ្នាក់ដល់ អ្នកភូមិនៅពេលមានទឹកជាដើម។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថាម្ចាស់គ្រឿងចក្រទាំងនោះបានប្រើប្រាស់រថយន្តចង្កូតស្តាំគ្មានស្លាកលេខ និង ដឹកដីគ្មានគម្របគ្រប ព្រមទាំងបើកបរលឿន គ្មានសីលធម៌ថែមទៀតផង។

លោក គង់ បូណា អភិបាលស្រុកអង្គរ ជ័យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៨ វិច្ឆិកាថា ចំពោះរណ្តៅខាងលើលោកពុំបាន ដឹងឡើយ សូមសួរទៅកាន់ជំនាញទើបដឹងច្បាស់ជាងនេះ។

ចំណែកលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្តកំពត ក៏ពុំបានផ្តល់ ការបំភ្លឺជូនដែរព្រោះទូរស័ព្ទចូលតែពុំមានការឆ្លើយតប។

យ៉ាងណាក្តី លោក ម៉ូវ តែត ប្រធាន ការិយាល័យ រ៉ែ និងថាមពលស្រុកអង្គរជ័យ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការកាយរណ្តៅយកអាចម៍ដីខាងលើ គឺពិតជាគ្មានច្បាប់អនុញ្ញាតឡើយ ។ លោកទទួលស្គាល់ថា រណ្តៅដីនេះ ពិតជាងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើ ដំណើរដូចការលើកឡើងរបស់ពលរដ្ឋមែន តែក្នុងស្រុកអង្គរជ័យទាំងមូលមន្ត្រីជំនាញ រ៉ែ និងថាមពល គឺមានតែលោកម្នាក់គត់ ដូច្នេះហើយមិនអាចគ្រប់គ្រងឲ្យគ្រប់ជ្រុង ជ្រោយបានឡើយ។

គួររំឭកថា លោក ម៉ូវ តែត បានចុះពិនិត្យរណ្តៅដីខាងលើដោយផ្ទាល់ ហើយក៏បាន ឲ្យម្ចាស់សុំច្បាប់ជាមុនសិនចាំបន្តសកម្ម ភាពកាយដីបន្តទៀត ។ ក៏ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពដល់ឈ្មួញដែលមានឈ្មោះ គ្រីសហេងឡើយ ។

លោក គ្រីស ហេង ជាឈ្មួញ ដោយបាន និយាយថា បើពួកគេរវល់តែខ្វល់រឿងច្បាប់បែបនេះ មិនអាចរកស៊ីដឹកដីឲ្យគេទាន់ចិត្តឡើយ។ ក្រោយការថ្លែងរបស់លោកប្រមាណជា១០នាទីកូនចៅរបស់លោកបានបើករថយន្តដឹកដីមកបាំងផ្លូវអ្នកសារព័ត៌មាន ហើយជេរប្រមាថថែមទៀតផង ៕ នរិន្ទ្រ


ចែករំលែក៖