ព័ត៌មានទាន់ហេតុការណ៍៖

ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ ករណី​ចាប់​ឈើ​គ្រញូង​ជិត​៤០តោន​នៅ​កៀនស្វាយ​ ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ រយៈពេល​ជិត​បី​ខែ​ហើយ​ ករណី​ចាប់​ឈើ​គ្រញូង​និង​ធ្នង់​ជិត​៤០តោន​នៅ​ស្រុក​កៀនស្វាយ​ ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ​ ពោល​គឺ​ ពុំ​ទាន់​រក​ឃើញ​ម្ចាស់​ឈើ​ខុសច្បាប់​នេះ​នៅ​ឡើយ​ទេ​ ។​ មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ កំពុង​តែបន្ត​នីតិវិធី​ករណី​នេះ​ ។

ឈើ​គ្រញូង​និង​ធ្នង់​ជិត​៤០តោន​ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កណ្ដាល​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ រក​ឃើញ​កាលពី​ថ្ងៃទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៧​ ។

ពេល​នោះ​ត្រូវបាន​ប្រភព​ព័ត៌មាន​ អះអាង​ថា​ មាន​អ្នក​អន្តរាគមន៍​ជា​ច្រើន​ ហើយ​សូម្បី​ម្ចាស់​ទីតាំង​និង​ម្ចាស់​ឈើ​គ្រញូង​ ក៏​អាជ្ញាធរ​រក​ពុំ​ឃើញ​ឡើយ​ ។

ពាក់ព័ន្ធ​ករណី​នេះ​ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ នេះ​ ថា​ លោក​ព្រះ​រាជ​អាជ្ញា​រង​ សូ​ សុវិទ្យា​ ធ្លាប់​បាន​កោះហៅ​ម្ចាស់​ទីតាំង​ចូល​បំភ្លឺ​ម្តង​ហើយ​ កាលពី​ថ្ងៃទី​២៧​ ខែ​តុលា​ តែ​ម្ចាស់​ទីតាំង​រូប​នេះ​ ពុំ​បាន​បង្ហាញ​ខ្លួន​ឡើយ​ ទើប​ពេល​នេះ​ តុលាការ​កំពុង​បន្ត​នីតិវិធី​ទៀត​៕ ចេស្តា

 


ចែករំលែក៖