ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញប្រយុទ្ជប្រឆាំងបទល្មើសគឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ចុះបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួន ២នាក់រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ ខណៈពួកគេកំពុងនាំគ្នាលក់ទិញជាក់ស្ដែង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំភូមិដីក្រហម ឃំុអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការបង្រ្កាបរួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារផងនោះ ទី១ ឈ្មោះ គុណ សុខគា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រកវាលវែង(អ្នកលក់) និងទី២ ឈ្មោះ សេង តុលា(ហៅតុ) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នាជា(អ្នកទិញ)។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរដកហូតវូវវត្ថុតាងបទល្មើសផ្សេងៗរួមមាន,ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច មានទម្ងន់ចំនួន ១,៥៩ក្រាម លុយចំនួន ១០មឺុន ៥ពាន់រៀល ទូរស័ព្ទចំនួន ០២គ្រឿង និងអាវុធកែច្នៃចំនួន ០២ដើម ដែល ១ដើមប្រភេទ(ឆ្នុក និង ១ដើមទៀតប្រភេទខ្យល់ ព្រមទាំងគ្រាប់ចំនួន ២៦គ្រាប់ផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទាំង ២នាក់ រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី និងបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន