ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបែកចិញ្ចើម បណ្ដាលឲ្យហូរឈាមស្រោចពេញខ្លួន ខណៈដែរកូនប្រុសបង្កើតរបស់ខ្លួនខឹងនិងឪពុកមិនព្រមជួយឃាត់ពេលកំពុងឈ្លោះគ្នាជាមួយបងប្អូនជីដូនមួយ ដោយវាយតប់គ្នាទៅវិញទៅមកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនដៃដល់ បានវាយគ្នាជាមួយបងប្អូនរបស់ខ្លួន ខណៈនោះ ជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ជនដៃដល់ បានអង្គុយនៅក្បែរកន្លែងកើតហេតុមិនព្រមឃាត់កុំឲ្យឈ្លោះគ្នា ។ ក្នុងហេតុការណ៍នោះ ភាគីខាងប្អូនដែលវាយគ្នាជាមួយជនដៃដល់ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមនោះមិនដឹងជាយ៉ាងម៉េច កូនប្រុសរបស់គាត់ក៏ស្ទុះ វាយឪពុក១ដៃ និងច្រានអោយដួលបណ្ដាលឲ្យ បែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន ដោយសារតែខឹងរឿងឪពុកមិនចូលជួយពេលរូបគេវាយគ្នាជាមួយបងប្អូន ។
ក្រោយកើតហេតុជនដៃដល់ដែលវាយឪពុកបង្កើតរបស់ខ្លួនរួច ក៏បានដើរចូលក្នុងបន្ទប់ជួលធ្វើដូចជាមិនមានរឿងអ្វីកើតឡើងចឹង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសាកសួរជនរងគ្រោះ ដោយជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចចុះចាប់កូនប្រុសដៃដល់របស់គាត់ចាត់ការតាមច្បាប់ផងដែរ ៕ ស តារា