ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាល ដោយសារតែជិះម៉ូតូបុកគ្នាពេញទំហឺង ខណៈដែលជិះគេចពីក្មេងសិស្សសាលាដើរឆ្លងផ្លូវកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ១៣៦និង១៣៧ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានប្រាប់សារព័ត៌មាននគរវត្តថា បុរសជិះម៉ូតូគេចពីក្មេងសិស្សសាលាដើរឆ្លងផ្លូវឈ្មោះ នាង វឿន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ ត្រាចទទឹង ឃុំ មានជ័យ ស្រុករំដួល ខេត្តស្វាយរៀង ខណៈបើកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1H 4479 ខូចខាតយ៉ាងដំណំ។
ចំណែកភាគីរងគ្រោះមានឈ្មោះ ប៉ា សៀត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ ត្រពាំងបុន ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1G 2604។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1H 4479លើផ្លូវជាតិលេខ១ក្នុង ទិសដៅពីកើតទៅលិចខណៈនោះស្រាប់តែមានក្មេងសិស្សសាលាដើរឆ្លងថ្នល់ធ្វើឲ្យបុរសខាងលើជិះគេចទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ដែលបើកបញ្ច្រាសគ្នាពេញទំហឺងលាន់សូរដូចរន្ទះបណ្ដាលឲ្យដួលខ្ទាតកណ្ដាលផ្លូវទាំងសងខាង។
ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកភាគីទាំង២មកកាន់មន្ទីរពេទ្យ និងវាស់វែងព្រមទាំងអូសវត្ថុតាងម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន