ព័ត៌មានទាន់ហេតុការណ៍៖

បវរកញ្ញាពិភពលោកមានការស្ញប់ស្ញែងចំពោះប្រាសាទអង្គរវត្ត និងសន្យាថា បន្ដជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា បានកាន់តែច្រើន

ចែករំលែក៖

ខេត្តសៀមរាប៖ បវរកញ្ញាពិភពលោកមកពី៦០ប្រទេស បានទៅទស្សនាប្រាសាទអង្គរវត្ត និងថតរូប បង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីតំណាង ឱ្យប្រទេស នីមួយៗ។

ក្នុងឱកាសមកទស្សនាប្រាសាទអង្គរវត្ត និងថតបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណី តំណាងឱ្យប្រទេស នីមួយៗ នៅរសៀលថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧ បវរកញ្ញាតំណាងឱ្យ ប្រទេសស៊ីរី កញ្ញា ដារីយ៉ា បានមានចំណាប់អារម្មណ៍ថា ប្រាសាទអង្គរពិតជាមានការ អស្ចារ្យមែន ហើយអ្វីដែលកាន់តែសំខាន់ នោះ គឺកញ្ញាបានសម្រេចក្តីបំណងរបស់ កញ្ញាមួយហើយ គឺការចង់មកឃើញប្រាសាទអង្គរវត្ត ដោយផ្ទាល់។

កញ្ញាសន្យាថា នៅពេលដែលកញ្ញា ត្រឡប់ទៅប្រទេសកំណើតវិញ នឹងជួយផ្សព្វផ្សាយឱ្យភ្ញៀវទេសចរ មកលេងអង្គរវត្តបានកាន់តែច្រើន ព្រោះប្រាសាទអង្គរវត្តមានភាពអស្ចារ្យនៅ លើពិភពលោកនេះ ដូច្នេះមនុស្សគ្រប់ គ្រប់រូបគួរមកស្គាល់ប្រាសាទអង្គរវត្តឱ្យបានម្តងដែរក្នុងមួយជីវិត។

ចំណែកកញ្ញា yos Paulina ជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាវិញបានសម្តែងនូវមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមានប្រាសាទបុរាណដ៏អស្ចារ្យគ្មានពីរ លើលោកនេះ។

កញ្ញាបានបង្ហាញក្ដីសប្បាយរីករាយយ៉ាងខ្លំាង ដែលបានស្លៀក សម្លៀកពំពាក់ជាអប្សរា ដើម្បីធ្វើការថត បង្ហាញ ឬប្រកួតអំពីសម្លៀកបំពាក់ប្រពៃណី តំណាងឱ្យប្រទេសកម្ពុជាជាមួយបណ្តាប្រទេស ចំនួន៥៩ទៀត។

កញ្ញាបានបញ្ជាក់ទៀតថា កញ្ញានឹងជួយផ្សព្វផ្សាយទៅកាន់ពិភពលោកថា កម្ពុជា ពិតជាប្រទេសដែល មានអរិយធម៌រុងរឿង មានប្រាសាទបុរាណជាច្រើនជាពិសេស កម្ពុជាមានសន្តិសុខល្អ ហើយភ្ញៀវ ទេសចរអាចមកទស្សនាកម្ពុជាឱ្យបាន ច្រើនកុំមានការព្រួយបារម្ភ។

សូមបញ្ជាក់ថា ការបង្ហាញវត្តមានបវរកញ្ញាពិភពលោកនៅប្រាសាទអង្គរវត្តនេះ ជាចំណែកមួយ ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា ទៅកាន់ពិភពលោកតាមរយៈការមកទស្សនា របស់បវរកញ្ញាផ្ទាល់ និងតាមរយៈអ្នកថតរូបផ្សព្វផ្សាយអាជីព មកពីបណ្តាប្រទេសនានាក្នុងពិភពលោក៕


ចែករំលែក៖