ភ្នំពេញ៖ ផលិតករវ័យក្មេងកំពុងល្បីឈ្មោះ លោក ចាន់ណា រ៉ូណា បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីលោកទទួលជោគជ័យលើការផលិតភាពយន្ត២រឿង ទទួលបានការគាំទ្រច្រើន ហើយបែជាប្រកាសដកខ្លួនចេញពីវិស័យមួយនេះ។ ទោះជាយ៉ាងណា សារលើកទឹកចិត្តជាច្រើនរបស់អ្នកគាំទ្រមិនចង់ឲ្យលោកផ្អាកការផលិតភាពយន្តនោះ បានធ្វើឲ្យលោកស្រក់ទឹកភ្នែកព្រោះក្តីរំភើប។
ទើបចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង«សសរកន្លោង»បាន២ថ្ងៃ ចំនួនអ្នកគាំទ្រច្រើនលើសលប់ ហួសពីការរំពឹងទុក។ ទន្ទឹមគ្នានេះ អ្នកគាំទ្រលោកជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ ក្រោយទទួលដំណឹងថា លោកចង់ផ្អាកការងារផលិតភាពយន្តងាកទៅចាប់យកមុខជំនួញថ្មីផ្សេងទៅវិញ។
នៅពីក្រោយការផ្អាកនេះ ព្រោះតែផលិតកម្មលោកនៅមិនទាន់មានលទ្ធភាព អាចទប់ទល់នឹងការបង់ពន្ធច្រើនយ៉ាង ដែលនឹងប្រកាសអនុវត្តចាប់ពីដើមឆ្នាំ២០១៨តទៅ។
លោកថា ទោះជារឿងទី២ទទួលបានជោគជ័យកម្រិតណា ក៏លោកមិនផលិតភាពយន្តទី៣ទៀតដែរ ដើម្បីកុំឲ្យសម្ពាធផ្លូវចិត្តក្នុងការគ្រប់គ្រងតួ និងដាក់ពាក្យសុំកន្លែងថតឲ្យត្រូវនឹងការចង់បានជាដើមធ្វើឲ្យលោកស្មុគស្មាញ។
ក្នុងន័យលើកទឹកចិត្តជាច្រើន អ្នកគាំទ្រស្នើឲ្យផលិតកររូបនេះ បន្តការផលិតភាពយន្ត ព្រោះតែពួកគេចង់ឃើញវិស័យភាពយន្តខ្មែរដើរទៅមុខ និងចង់ទស្សនាភាពយន្ត ដែលមានគុណភាពខ្ពស់។ ក្រៅពីការបង្ហាញអារម្មណ៍សោកស្តាយរបស់អ្នកគាំទ្រ ក៏មានការលើកទឹកចិត្តខ្លាំងពីទស្សនិកជនជាច្រើនឲ្យលោកបន្តតស៊ូក្នុងការសាងស្នាដៃឲ្យកាន់តែច្រើនក្នុងវិស័យភាពយន្ត។
ចាន់ណា រ៉ូណាន បញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ព្រោះតែស្នាដៃផលិតភាពយន្តទី២ របស់ផលិតកម្មឥន្ទ្រានិម្មិតនេះ ទទួលបានការគាំទ្រច្រើនលើសលប់។ អ្វីដែលធ្វើឲ្យលោកស្រក់ទឹកភ្នែក គឺសារលើកទឹកចិត្តរបស់ទស្សនិកជនឲ្យលោកបន្តការផលិតភាពយន្ត។ លោករំពឹងថា ទស្សនិកជននឹងយោគយល់ចំពោះការសម្រេចចិត្តមួយនេះ ។
គួរបញ្ជាក់ដែរថា លោក ចាន់ណា រ៉ូណាន ធ្លាប់ដឹកនាំផលិតភាពយន្តជាច្រើន សុទ្ធសឹងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដូចជារឿង«៧ថ្ងៃ» រឿង“ក្រមុំ៣១កម្លោះ៥២” រឿង«កំណត់ហេតុនាងនាថ» រឿង “សសរកន្លោង”ជាដើម។ ក្រៅពីជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្តែង លោកក៏ជាតារាសម្តែង និងជាតារាចម្រៀងមួយរូបផងដែរ៕ វឌ្ឍនា