ព័ត៌មានទាន់ហេតុការណ៍៖

ចែករំលែក៖

៣នាក់ស្លាប់ ៤នាក់រងរបួសករណីរថយន្តកាមរីល្បឿនលឿនទៅបុកពីក្រោយឡានស្ទូចនៅស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣បានស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្ត CAMRYប្រើប្រាស់ល្បឿនលឿនទៅបុកជាមួយរថយន្តស្ទូចពីក្រោយស្របទិសគ្នាពេញទំហឺង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦១ លេខ១៦២ ស្ថិតក្នងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យសារព័ត៌មាននគរវត្តដឹងថា បុរស៣នាក់ដែលស្លាប់មានឈ្មោះ ថៃ សារ៉ាន់ (អ្នកបើកបរ) មានអាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តកុងទឺន័រ មានទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង, ទី២ឈ្មោះនៅ សុខា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ មានទីលំនៅភូមិស្នែ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងទី៣ឈ្មោះ សេក ខុន ឧត្តម ភេទប្រុស២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រស់នៅភូមិ៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ហូរ សុភក្រ័ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ, ឈ្មោះ កន បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិត្រពាំងស្វាយ ឃុំស្កាកោង ស្រុកបាភ្នំ ខេត្តព្រៃវែង និង២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ រីឯរថយន្តស្ទួចរ បើកបរដោយឈ្មោះ ខេន ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តស្ទួច មានទីលំនៅភូមិភ្នំប្រុស ឃុំភ្នំប្រុស ស្រុកជើង ព្រៃខេត្តកំពង់ចាម។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក CAMRY (ហើម) ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-7153 ធ្វើដំណើរពីកើតទៅលិច លើផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ស្រាប់តែទៅបុកពីក្រោយ(រថយន្តស្ទួច) មួយគ្រឿង ស្របទិសគ្នាលាន់សូរដូចរន្ទះបាញ់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ចំពោះបុរសរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្ត CAMRY ប្រើប្រាស់ល្បឿនលឿន។

រីឯវត្ថតាងទាំង២ គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖