ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹង ជិះម៉ូតូឌុបគ្នាធ្លាក់ផ្លូវ របួសធ្ងន់ទាំងពីរនាក់

ចែករំលែក៖

ខេត្តបាត់ដំបងៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងបណ្តាលឲ្យយុវជនពីរនាក់ បានរងរបួសធ្ងន់ធ្ងរក្រោយពីផឹកស៊ីស្រវឹងជិះម៉ូតូឌុបគ្នាធ្លាក់ផ្លូវ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវកោងភ្លើងឆេះ ស្ថិតនៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្រី្តនគរបាលចរាចរស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅម៉ោងកើតហេតុនិងចំណុចកើតហេតុខាងលើមានជនរងគ្រោះ២នាក់ជិះម៉ូតូឌុបគ្នាធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ រួមមាន ១/ឈ្មោះ ជុំ ភារុណ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង(របួសបាក់ជើងឆ្វេង) និង២/ឈ្មោះ កាំង តុ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក (របួសក្បាលធ្ងន់ )។ ពួកគេជិះម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីឆ្នាំ២០០១ គ្មានស្លាកលេខ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារជនរងគ្រោះទាំងពីរនាក់ផឹកស្រវឹងស្រាបាត់បង់ស្មារតីក្នុងពេលបើកបរ ទើបនាំឲ្យមានគ្រោះថ្នាក់បែបនេះ ។

ក្រោយកើតហេតុ សម្ថតកិច្ចបានហៅរថយន្តសង្រ្គោះមណ្ឌលសុខភាពពេជ្រចិន្តា ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

ជាមួយនេះដែរសមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅទាបបំផុត៕ សហការី


ចែករំលែក៖