ប៉ោយប៉ែត៖ នគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍បឹងសាគូរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឃាត់ខ្លួន ស្ត្រីចំណាស់ម្នាក់ ទៅសួរនាំ ជាប់ពាក់ព័ន្ធឆបោកប្រាក់ព្រះសង្ឃទៅរត់ការឲ្យធ្វើជាមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ករណីឃាត់ខ្លួនសួរនាំស្រ្តីរួបនេះ ធ្វើឡើងនៅក្នុងបរិវេណវត្តខេមរាសីមារាមទំនប់ក៥ ឋិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
យោងតាមរបាយការណ៏របស់នគរបាល ស្ត្រីសង្ស័យរូបនេះ ឈ្មោះនាង ធីតា វ័យ៥២ឆ្នាំ មានទីលំនៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
សមត្ថកិច្ចបញ្ជាក់ថាៈកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ២០និង២០នាទី លោក ឈុន ស្រ៊ាង មេភូមិ ទំនប់ក៥ សង្កាត់និងក្រុង ប៉ោយប៉ែត បាន រាយការណ៍ដល់កម្លាំងប៉ុស្តិ៍ ព្រំដែន លោក មេបញ្ជាការ វរៈសេនាតូច ៩១១ ព្រៃគប់ថា៖ មានករណី ឆបោក ឲ្យព្រះសង្ឃសឹក ៣ អង្គ កើតឡើងនៅក្នុងវត្ត ខេមរាសីមារាម (ទំនប់ក៥) ដោយជនសង្ស័យ ឈ្មោះ នាង ធីតា ភេទ ស្រី អាយុ ៥២ ឆ្នាំ មានស្រុកកំណើត ភូមិ ឃុំ ប្ញស្សីកែវ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ មកប្រើពាក្យ ល្បួងលួងលោម ឲ្យ ព្រះសង្ឃ ៣ អង្គដែល ជាជនរងគ្រោះ ឲ្យ ឆាប់សឹកភ្លាមៗទៅ ដើម្បីទៅធ្វើជាមន្ត្រីគយ ព្រោះខ្លួនមានខ្សែរយៈ មេគយធ្វើការធំ អាច ជួយធ្វើជាគយបានឆាប់ៗ ជនរងគ្រោះ (ព្រះសង្ឃ) ឮដូច្នេះ ក៏សម្រេចចិត្ត លាចាក សិក្ខាបទ ក៏សឹកទៅ។
ជនរងគ្រោះរាយនាមដូចខាងក្រោម៖ ១.ឈ្មោះ ឈួន ម៉ាប់ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ពន្លៃ ឃុំ អង្គរស ស្រុក មេសាង ខេត្ត ព្រៃវែង បានឲ្យប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន៤០០ដុល្លា (ថ្លៃរត់ការធ្វើគយ)បួស ជាសង្ឃនៅវត្ត ទំនប់ក៥ ។ ២.ឈ្មោះ កូ រដ្ឋណាក់ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ប៉ោយស្វាយ ឃុំ តាគ្រាម ស្រុក បាណន់ ខេត្ត បាត់ដំបង ឲ្យប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន១០០០ដុល្លា (ថ្លៃររត់ការធ្វើគយ) បួស ជាសង្ឃនៅវត្ត ចន្ទគ្រាម ។ ៣-ឈ្មោះ សូ ពុធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំ សង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាម ឲ្យប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន ១០០ដុល្លារ (ថ្លៃរត់ការធ្វើគយ) បួសជាសង្ឃ នៅវត្ត ប្ញស្សីក្រោក បច្ចុប្បន្នជនរងគ្រោះទាំង ៣ នាក់ បានសឹកហើយ។ភ្លាមនោះកម្លាំងប៉ុស្តិ៍ ២ នាក់ បានចុះទៅដល់កន្លែងកើតហេតុ សួរនាំរឿងហេតុ ក៏ឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ នាង ធីតា បានប្រគល់ទៅឲ្យ កម្លាំង ប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ប៉ោយប៉ែត នៅវេលា ម៉ោង២១.០០នាទី ដើម្បីកសាងសំនុំរឿង ចាត់ការ បន្តតាមនិតិវិធីនៃច្បាប់៕ វណ្ណា