ភ្នំពេញ៖ ម្នាក់ បានធ្វើអត្តឃាត ចងកនិងថ្នឹមផ្ទះ សម្លាប់ខ្លួន ដោយគ្មានមូលហេតុបង្កការភ្ញាក់ផ្អើល កាលពីវេលោម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ១៣៦ ស្ទួនភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោយពីម្តាយឡើងបត់ជើងតូច ឃើញឈាមហូរចូលបន្ទប់ ហើយពេលទៅមើលលើផ្ទះឃើញកូនប្រុសចងកស្លាប់មិនដឹងតាំងពីពេលណា ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួន នោះ មានឈ្មោះ អ៊ុន មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ទាក់ទិននឹងការធ្វើអត្តឃាតនេះប្រភពពីម្តាយជនរងគ្រោះ ឈ្មោះ អ៊ូ សាវ៉ាត ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៣៦ ស្ទួនភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គាត់បានក្រោពីដំណេក ទៅបត់ជើងតូច នៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញមានឈាមហូរពីលើផ្ទះ ស្រក់ចុះមកក្រោមចូលធុងទឹក។ ពេលនោះគាត់នាំកូនចៅស្ទុះឡើង ទៅលើផ្ទះគាស់ទ្វារផ្ទះមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ចងក នៅនឹងធ្នឹមផ្ទះ ជាមួយខ្សែអង្រឹង ហើយឃើញឈាមហូរ ពេញលើក្តាទើបនាំគ្នាឆោឡោនិងបានរាយការណ៍ ប្រាប់សមត្តកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុតែម្តង ។
ស្រ្តីជាម្តាយសព បានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់នៅពោះម៉ាយ ហើយកន្លងមកកូនគេតែងផឹកស្រា និងជក់ថ្នាំញៀនដោយខូចចិត្តធ្វើឲ្យបាត់បង់ស្មារតីហើយជាងមួយខែមកនេះកាត់ឃើញកូនម្នាក់នេះចេះតែភ័យខ្លាច ហើយរត់ពេញលើផ្ទះជារៀងរាល់ថ្ងៃ និងពេលយប់ស្រែកឲ្យគេជួយ ទើបគាត់ឲ្យសម្ងំនៅដេកក្នុងបន្ទប់លើផ្ទះម្នាក់ឯង ។ លុះមកដល់ថ្ងៃកើត ហេតុកើតមានរឿងកូនប្រុសលួចធ្វើអត្តឃាតយ៉ាងនេះ ពិតជាគួរឲ្យសោកស្តាយណាស់។
តាមការសន្និដ្ឋាន របស់នគរបាលផ្នែកបច្ចេកទេសដែលចុះទៅធ្វើកោសល្យវិច័យលើសាកសព បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយ ធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា