ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សារភាគហ៊ុនប្រទេសតំបន់ឈូងសមុទ្រធ្លាក់ចុះដោយសារសាវឌីអារ៉ាប៊ី

ចែករំលែក៖

នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាទ្រង់ទ្រាយធំ សំដៅទៅលើអ្នកជំនួញ ធំៗ រាជវង្សានុវង្សមន្ត្រីរាជការរបស់ប្រទេសសាវឌីអារ៉ាប៊ី រួមជាមួយការប្រឈមមុខតានតឹងជាមួយអីុរ៉ង់ បានធ្វើឲ្យទីផ្សារភាគហ៊ុននៅបណ្តាប្រទេសឈូងសមុទ្ររងផលប៉ះពាល់ យ៉ាងខ្លាំង ។ ក្រុមអ្នកវិនិយោគបានលក់ភាគហ៊ុនរបស់ខ្លួន ធ្វើឲ្យទីផ្សារភាគហ៊ុនដាំក្បាលចុះ។

ក្រុមអ្នកវិនិយោគ នៅ៦ប្រទេស ស្ថិតនៅក្នុងគណៈកម្មាការសហប្រតិបត្តិការឈូង សមុទ្រ គឺ ប្រទេស បារ៉ែន គុយវែត អូម៉ង់ កាតារ អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត បាន លក់ភាគហ៊ុន របស់ខ្លួន ។ ជាមួយគ្នានេះការប្រឈមមុខតានតឹងរវាង សាវឌី អារ៉ាប៊ីនឹងប្រទេសអីុរ៉ង់ បានរួមចំណែក ធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះជាបន្តបន្ទាប់៦លើកជាប់គ្នា ។

ការប្រែប្រួលខាងលើកើតចេញពីវិវាទនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ។ គណៈកម្ម ការប្រឆាំងអំពីពុករលួយ ដឹកនាំដោយ រជ្ជទាយាទ Mohammed Bin Salman ទើបតែបង្កើនឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ដោយបានសម្រេចចាប់ខ្លួន រាជបុត្រ និង ព្រះអង្គម្ចាស់១១អង្គ រដ្ឋមន្ត្រី៤រូប ព្រមទាំងអតីតរដ្ឋមន្ត្រីអ្នកជំនួញធំៗជាង៣០រូប ដែលចោទប្រកាន់ពីបទពុករលួយ និងលាង លុយខ្មៅទទួលសំណូកជាដើម។ ចំនួន អ្នកដែលត្រូវចាប់ខ្លួននឹងបន្តកើនឡើងទៀត។

ចំណុចសំខាន់មួយទៀតដែលធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះគឺក្រោយពេល សាវឌីអារ៉ាប៊ីបានរឹបអូសទ្រព្យសម្បត្តិជាង៨០០ពាន់លានដុល្លារ ក្នុងនោះមានទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់ព្រះរាជបុត្រ និងព្រះអង្គម្ចាស់ទាំង១១ ដែលបានឃាត់ ព្រះកាយ និងមន្ត្រីជាន់ខ្ពស់មួយចំនួន ទៀត។

សារព័ត៌មាន Daily Mail បានដកស្រង់សម្តីមន្ត្រីអារ៉ាប់មួយរូប ដែលមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានដកហូតពីបុគ្គលដែលស្ថិតនៅក្នុងបញ្ជីពុករលួយមានរហូតដល់ជាង៨០០ពាន់លានដុល្លារ។ កន្លងមករជ្ជទាយាទស្នងរាជ្យ Mohammed Bin Salman ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបាន បង្កើតឡើងដោយព្រះមហាក្សត្រប្រទេសនេះ បានចាប់ខ្លួនរាជបុត្រ១១អង្គ និងអតីត រដ្ឋមន្ត្រី៣៨រូប។

តាមប្រភពព័ត៌មានចំនួនអ្នកដែលត្រូវចាប់ឃុំគឺនៅមានច្រើនទៀត។ អ្នកដែល ស្ថិតនៅក្នុងបញ្ជីចាប់ខ្លួន គឺបានបង្កកទ្រព្យសម្បត្តិមិនអាចដកចេញបានឡើយ ក្នុង នោះមានទាំងគណនីធនាគារ និងអចលន ទ្រព្យ។

ក្នុងចំណោមអ្នកដែលបានចាប់ខ្លួន គឺ មានរាជបុត្រ Alwaleed Bin Talal ដែលជាអ្នកមានលំដាប់កំពូលនៅសាវឌីអារ៉ាប៊ី ដែលមានទ្រព្យសម្បត្តិដល់ទៅ២៨ពាន់លាន ដុល្លារ។ ព្រះអង្គមានសណ្ឋាគារលំដាប់ផ្កាយ ៥នៅទីក្រុងឡុង និងមានអគារកម្ពស់៩៩ជាន់នៅទីក្រុងRiyadh រួមទាំងសណ្ឋាគារ ៤ ខុនដូប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជ កម្ម។ ការចាប់ខ្លួននោះមានន័យថា សណ្ឋាគារផ្កាយ៥នៅទីក្រុងឡុង ក៏ត្រូវ បាត់បង់សិទ្ធិគ្រប់គ្រងដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា នេះ ជាសកម្មភាព ប្រឆាំងអំពើពុករលួយសំដៅទៅលើក្រុមអ្នកមាន និងសមាជិករាជវង្ស អ្នកជំនួញធំៗនៅក្នុងប្រទេសនេះ។ នៅ ក្នុងសកម្មភាពប្រឆាំងអំពើពុករលួយនេះ ព្រះរាជបុត្រ Mohammed Bin Salman ​ ​កំពុងតែប្រមូលអំណាចមកក្តោបក្តាប់ម្នាក់ឯង មុនពេលឡើងគ្រងរាជ្យ។ បច្ចុប្បន្នរាជ បុត្រ និងមន្ត្រីជាន់ខ្ពស់ជាច្រើន បាន ព្យាយាមចាកចេញពីអារ៉ាប់ បើទោះបីត្រូវហាមប្រាមមិនឲ្យចាកចេញពីប្រទេសក្តី។

ក្រុមអ្នកវិភាគបានលើកឡើងថា សូម្បីតែរាជបុត្រក៏ត្រូវចាប់ខ្លួនដែរ ទាំងនោះ ហើយ អ្នកវិនិយោគនឹងមានការប្រុងប្រយ័ត្ន ពេលចូលទៅវិនិយោគនៅក្នុងប្រទេសនេះ ដោយគ្មានអ្នកណា មានសុវត្ថិភាពឡើយ។ សកម្មភាពកម្ចាត់អំពើពុករលួយខាងលើ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្មនៅក្នុងប្រទេសនេះជាក់ជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖