ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀននៅក្នុងទីតាំងហ្គេមបាញ់ត្រី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅក្នុងប្លុកទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយឃាត់ខ្លួនបុរស៣នាក់ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់ការបន្តទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបង្ក្រាបទៅលើជនសង្ស័យទាំង៣នាក់ ស្ថិតនៅចំណុចកំពង់ដរគីឡូម៉ែត្រលេខ៦ ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ វេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួលខាងលើ, ណាំ ប៊ុនណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងឈ្មោះ ឌៀ រ៉ានី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទក្រាមពណ៌ស៣កញ្ចប់តូច និងទូហ្គេម១ ដែលពួកគេទៅលេង និងប្រមូលផ្តុំគ្នាជក់ និងប្រើប្រាស់។

ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ បាននិយាយឲ្យដឹងថា គេបានឃើញសមត្ថកិច្ចខិតខំបង្ក្រាប និងស្រាវជ្រាវទៅលើករណីគ្រឿងញៀន ក៏ដូចជាកន្លែងហ្គេមបាញ់ត្រី តែនៅតែមានលួចបើក និងប្រើប្រាស់ដដែលជាដដែល គ្មានការថមថយឡើយ ។ ជនទាំងនោះនៅតែអាចចរាចរណ៍ និងលួចប្រើប្រាស់គ្រឿងញៀនដដែល ដោយមិនខ្លាចសមត្ថកិច្ចសូម្បីតែបន្តិច ៕ អរុណរះ


ចែករំលែក៖