ភ្នំពេញ: ម្ដាយដឹកកូនទៅរៀនបើករថយន្ដមិនប្រយ័ត្នជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួសដល់អ្នកណាម្នាក់ឡើយ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណោយផ្លូវបេតុងសូនី ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ដ្រីដែលបើករថយន្ដបង្កមិនបានស្គាល់អត្ដសញ្ញាណទេ អាយុប្រហែល៣១ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅជិតកន្លែងកើតហេតុ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្ដីម្នាក់រួមទាំងក្មេងស្រី២នាក់ទៀតដោយជិះរថយន្ដមួយគ្រឿងម៉ាក ព្រូស ពណ៌កណ្ដុលព្រមះ ដែលពាក់ស្លាកលេខ 2AP-2553 ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវបំបែកជាបីដោយស្ថានភាពផ្លូវមានជង្ហុកបណ្ដាលអោយនារីបង្កជាន់ហ្គែបន្ថែមល្បឿនក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញមួយទំហ្នឹងបណ្ដាលអោយខូចខាតទ្វាខាងមុខទាំងស្រុង ហើយរថយន្ដបានចូលក្នុងផ្ទះតែម្ដងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ភ្លាមនោះស្រ្ដីបង្កនិងក្មេងស្រី២នាក់ទៀតមិនបានរងរបួសទេ រួចបានហៅ រ៉ីម៉កកង់បីជិះទៅរៀនបាត់ទៅ មួយសន្ទះក្រោយមកឪពុកនារីបង្កនោះបានចេញមុខមកដោះស្រាយសងការខូចខាតទាំងស្រុងដល់ផ្ទះនិងបញ្ចាប់រឿងនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចុះមកដល់កន្លែងកើតហេតុបានហាមមិនអោយអ្នកសារព័ត៌មានម្នាក់ណាថតឡើយ បានថតតែពីខាងក្រៅ ដោយឡែកម្ចាស់រថយន្ដបង្កក៏មិនបានផ្ដល់ព័ត៌មានដែរហាក់បីដូចជាមានការលាក់បាំងព័ត៌មាន ៕ តាឡឹម