ព័ត៌មានទាន់ហេតុការណ៍៖

បានគីមូន៖លោកត្រាំបានបង្ហាញពីភាពទន់ភ្លន់ក្នុងបញ្ហាកូរ៉េខាងជើង

ចែករំលែក៖

បណ្តាញព័ត៌មាន CNBC បានផ្សាយថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរកឃើញយុទ្ធ សាស្ត្ររួម ក្រោយពីជំនួបពិភាក្សាជាមួយ ភាគី ជប៉ុន កូរ៉េខាងត្បូង និងចិន រួចមក ក្នុងការទប់ទល់នឹងកូរ៉េខាងជើង ពេលដែលលោកបំពេញទស្សនកិច្ចមកកាន់តំបន់ អាស៊ី។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ក្នុងកម្មវិធី Power Lunch របស់បណ្តាញព័ត៌មាន CNBC លោកបាន គីមូន បញ្ជាក់ថា នៅពេលនេះលោកត្រាំបានបង្ហាញពីភាពទន់ភ្លន់នៅក្នុងដំណោះស្រាយបញ្ហាកូរ៉េខាងជើង ដោយលោកត្រាំអាចដោះស្រាយបញ្ហាទាំងនោះតាមរយៈកិច្ចការបរទេស។

ក្រៅពីនេះ លោកបាន គីមូន បានបញ្ជាក់ ថា វិធីសាស្ត្រល្អបំផុតសម្រាប់ទប់ទល់កូរ៉េខាងជើង គឺតាមរយៈកិច្ចការបរទេស។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ជាក់ទៀតថា« មិនមានដំណោះស្រាយ ដោយយោធាឡើយ ។ ដំណោះស្រាយ យោធា អាចមានប្រសិទ្ធភាពតែមួយរយៈពេលប៉ុណ្ណោះមិនបានយូរអង្វែងនោះឡើយ។ អស់លោក អាចសម្លឹងមើលទៅប្រទេស អីុរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថានជាដើម»។

ទន្ទឹមនឹងនេះលោកបាន គីមូន បាន បង្ហាញពីការជឿជាក់ទៅលើការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដែលកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពីគ្រប់ប្រទេស ពិសេសគឺប្រទេស ចិន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ ដោយសារតែរងការដាក់ទណ្ឌកម្មពីសហគមន៍ អន្តរជាតិរដ្ឋាភិបាលកូរ៉េខាងជើង បានជំរុញ ឲ្យប្រជាជនរបស់ខ្លួនបង្កើនទិន្នផលផ្លែឈើកសិកម្ម និងនេសាទ ដើម្បីទប់ទល់នឹង ការ ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិនេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាសែត Rodong Sinmun ដែលជា កាសែត របស់គណបក្សពលករ កំពុងកាន់ អំណាចរបស់កូរ៉េខាងជើង បានឲ្យដឹង នៅក្នុងអត្ថបទមួយថា “ពួកចក្រពត្តិអាមេ រិក បាននិយាយថា កងកម្លាំងគ្រាប់មីស៊ីល ICBM, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងនាវាមុជទឹកនុយក្លេអ៊ែរ គឺជាទ្រព្យ សម្បត្តិយុទ្ធសាស្ត្រ សំខាន់ៗ៣ របស់ពួក យើង ប៉ុន្តែភ្នំរបស់យើងគឺភ្នំមាស និង សមុទ្រមាសមានន័យថា ការប្រមូលផល ដ៏ធំទៅលើទិន្នផល ផ្លែឈើកសិកម្ម និង នេសាទរៀងៗខ្លួន”។

កាសែតនេះបានឲ្យដឹងថា “សូមឲ្យ អ្នកសើចសប្បាយរីករាយ និងភាពសប្បាយ រីករាយ ដែលពេញនិយមនៅគ្រប់ទិសទី នៃប្រទេស ដោយជំរុញឲ្យមានយុទ្ធនាការ សម្រាប់ផលិតកម្មខ្ពស់នៅក្នុងវិស័យ” ស្របពេលដែល ប្រទេសផ្ដាច់ការមួយនេះ ទទួលរងទណ្ឌកម្មជាបន្ដបន្ទាប់ពី អង្គការ សហប្រជាជាតិ និងអន្ដរជាតិ។

នៅក្នុងព្រឹត្តិការណ៍ ផ្សេងទៀត សារ ព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ទាហាន កូរ៉េខាងជើងមួយរូប បានរត់ចូលមកក្នុង ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បន្ទាប់ពីយោធារបស់កូរ៉េខាងជើងបាញ់ឲ្យរង របួស។

យោងតាមមន្ត្រីយោធាការពារជាតិកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងរូបនោះ ត្រូវបានគេរកឃើញនៅខាងត្បូងភូមិ Panmunjom ដែលស្ថិតនៅតាមព្រំដែន ចម្ងាយប្រហែល៥០ម៉ែត្រ ពីខែ្សបន្ទាត់កំណត់ ព្រំដែនយោធា ដោយមានរបួសនៅត្រង់ ស្មា និងកែងដៃ ។

មន្ត្រីយោធាកូរ៉េខាងត្បូង បានប្រាប់ កាសែតរ៉យទ័រថា ទាហានរត់ចោលជួររូប នោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ភ្លាមៗ តាមឧទ្ធម្ភាគចក្រមួយគ្រឿង របស់ទីបញ្ជាការសហរដ្ឋអាមេរិក និងគ្មាន ការបាញ់ប្រយុទ្ធគ្នា ជាមួយនឹងភាគីកូរ៉េ ខាងត្បូងទេ ហើយភ្លាមៗនេះ មិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីភាគីកូរ៉េខាងជើងនោះឡើយស្តីពីឧប្បតិ្តហេតុនេះ ៕ ម៉ែវ សាធី


ចែករំលែក៖