ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRAV4បើកបុករថយន្តព្រូសនៅមុខរដ្ឋសភា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តRAV4 មួយគ្រឿង ជ្រុលទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខ រដ្ឋសភា តាមបណ្ដោយផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-6005 (ដែលជាអ្នករត់តាក់សុី) និងបើកបរដោយបុរសម្នាក់បានធ្វើដំណើតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចមុខរដ្ឋសភា ក៏ស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1821ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយរថយន្តព្រូសខាងលើ ហើយក៏រេចង្កូតជ្រុលចង្កូតទៅបុកគូទរថយន្តព្រូសពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយពីកើតហេតុ ភាគីទាំងពីរបានសម្របសម្រួលត្រូវរ៉ូវគ្នាម្ដងរួចទៅហើយ ដោយភាគីខាងរថយន្តRAV4ព្រមយករថយន្តព្រូសយកទៅជួសជុលឲ្យស្អាតដូចដើម។​

ក្រោយមកភាគីខាងរថយន្តRAV4 បានចេញពីកន្លែងកើតហេតុបាត់ឈឹង រហូតដល់វេលាម៉ោង៣រំលងអធ្រាត្រទើបត្រឡប់មកវិញ តែត្រូវបានភាគីខាងរថយន្តព្រូសដែលរងគ្រោះបានហៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បម្រុងវាស់វែង ហើយភាគីទាំង២ជជែកគ្នាយ៉ាងតឹងសរសៃក និងឆ្លងទៅជជែកជាមួយសមត្ថកិច្ចថែមទៀតអស់ជាង៤ម៉ោង ទើបចុងក្រោយសមត្ថកិច្ចមូលដ្ឋានសម្រេចវាស់វែងយករថយន្តទាំង២គ្រឿងនេះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ាដង្កោ

 


ចែករំលែក៖