ខេត្តកំពង់ស្ពឺ៖ ក្រុមកម្មករដែលបម្រើការនៅក្រុមហ៊ុនកិនថ្មបានផឹកស៊ីរហូតស្រវឹងរៀងៗខ្លួន ក៏កើតជាទំនាស់ពាក្យសំដីឈានដល់ការចាក់ប្រហារគ្នាបណ្តាលឲ្យម្នាក់ចូលពេទ្យ និង៣នាក់ទៀតត្រូវឃាត់ខ្លួន។
នគរបាលស្រុកសំរោងទងបានប្រាប់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមជនសង្ស័យដែលសមត្ថកុច្ចឃាត់ខ្លួនរួមមាន៖ ឈ្មោះ ចែម ហ៊ុន ហៅត្រេន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ អ៊ូច ស្រេង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអង្គដូនពីស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ អ៊ិន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាកម្មករ។
ជនសង្ស័យ ដែលឃាត់ខ្លួននេះគឺពាក់ព័ន្ធករណីហិង្សាដោយចេតនា ខណៈពួកគេ មានទំនាស់ពាក្យសំដីជាមួយគ្នាពេលផឹកស៊ី ឈ្មោះ ចែម ហ៊ុន បានយកកាំបិត (ចិតខ្សែពាន ) ចាក់ទៅលើឈ្មោះ ជីប សុភាន់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបពល់ ឃុំព្រៃម្ដេញ ស្រុកគិរីវង់ ខេត្តតាកែវ មួយកាំបិតចំក្រោមដោះខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃដដែល។
ក្រោយកើតហេតុជនរងគ្រោះខាងលើត្រូវបានបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសម:(លោកសង្ឃ ) រាជធានីភ្នំពេញ ។
សមត្ថកិចបានសាកសួរទៅលើក្រុមជនសង្ស័យ ពួកគេឆ្លើយសារភាពថា មុនកើតហេតុគឺមានទំនាស់ពាក្យសំដីជាមួយគ្នា ក្រោយមក ជនសង្ស័យឈ្មោះ ចែម ហ៊ុន ក៏បានយកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង។ ចំណែកឈ្មោះចែម ហ៊ុនវិញ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចាក់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ។
ពេលនេះ សមត្ថកុចហចនគរបាលស្រុកកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការដ្ឋានខេត្តចាត់ការបន្តតាមបីតិវិធី៕សេនាស័ក្តិ