ព័ត៌មានទាន់ហេតុការណ៍៖

កម្មករធ្វើនំបញ្ចុក និងសំណង់ដូចគ្នាព្រួតវាយកម្មករម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងទំនើងជាកម្មករធ្វើនំបញ្ចុក និងសំណង់៣នាកបាន់ព្រួតគ្នាវាយប្រហារ កម្មករម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកើតឡើងនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដោយជនរងគ្រោះ និងជនសង្ស័យធ្លាប់មានជម្លោះប៉ះទង្គិចពាក្យសម្តី និងគ្នាហើយជនទំនើង៣នាក់ បានប្រើកាំបិត ពូថៅ ព្រួតវាយប្រហារ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានស្លាប់ ពេលដែលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ប្រភពបានបន្តថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងប្រចាំបញ្ជា និងកងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ហើយបានរុករក ចាប់ឃាត់ខ្លួនជនសង្ស៏ុបានចំនួន៣នាក់ នៅវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឃាត់ខ្លួនជនសង្ស័យទី១.ឈ្មោះ សួន ចន្ឋូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ជុក ទី២.ឈ្មោះ ពិន ភក្រ័ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣.ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្សយ័ទាំង៣នាក់ មានទីលំនៅដូចគ្នា នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពេលចាប់ខ្លួនសមត្ថកិច្ចបានរុករកដកហូតអាវុធជាវត្ថុតាងមាន ចបជីក១ ពូថៅ១ និងចបកាប់១។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះអោម សៅ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅដូចកន្លែងកើតហេតុ របួសធ្ងន់ ក្រោយមកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តខេត្តព្រះសីហនុ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖