ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការហើយ ។ សំណុំរឿង និង ជនត្រូវចោទ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ត្រូវបានចោទប្រកាន់ពីបទ ”ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ”។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា៕ ចេស្តា