ព័ត៌មានទាន់ហេតុការណ៍៖

ព្រះ​រាជ​អាជ្ញា​ ចោទប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ជា​ផ្លូវការ​ អាច​ប្រឈម​ជាប់​ពន្ធនាគារ​រហូតដល់​១៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ គឺ​ លោក​ អ៊ួន​ ឈិន​ និង​ លោក​ យាង​ សុជា​មេត្តា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ នេះ​ ត្រូវបាន​លោក​ សេង​ ហៀង​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ ។​ សំណុំរឿង​ និង​ ជនត្រូវចោទ​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ​”ប្រគល់​ឱ្យ​រដ្ឋបរទេសនូវព័ត៌មានជា​អាទិ៍​ដែលអាចធ្វើ​ឱ្យ​អន្តររាយការការពារជាតិ”​ តាម​មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឱ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ”។

គួររំលឹក​ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​នៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ឯកភាព​ពី​លោក​ អ៊ុំ​ សុភក្តី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង​ លោក​ យាង​ សុជា​មេត្តា​ លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ជា​ទីស្នាក់ការ​របស់​វិទ្យុ​អាស៊ី​សេរី​ ដោយរំលោភច្បាប់កម្ពុជា៕ ចេស្តា

 


ចែករំលែក៖