ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បន្តអនុវត្តន៍បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌ ជាក់ស្ដែងដកហូតបាន ទូរហ្គេមបាញ់ត្រី ប្រភេទដៃ៨ ចំនួន ១គ្រឿង ។
ក្នុងប្រតិបត្តិការនោះដែរ ដោយមានការឯកភាពពី លោក អ៊ុំ សុភក្ត័ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហួរ ម៉េងវ៉ាង អធិការងនគរបាលខណ្ឌមានជ័យ លោក ជា សារ៉េត តំណាងសង្កាត់ស្ទឹងមានជ័យ ទី១ និង លោក ឈិន សាកាម មេភូមិ មានជ័យ១ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ទី១ រួមទាំងកម្លាំងប្រជាការពារខណ្ឌមានជ័យ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះ ។
លោក អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបន្តចុះអនុវត្តន៍បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងជាប្រភេទ(ទូហ្គេមបាញ់ត្រីដៃ ៨) ដែលស្ថិតនៅចំណុច ផ្ទះសំណង់តាមប្រឡាយ គ្មានលេខ ភូមិ មានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដកហូតវត្ថុតាងរួមមាន៖ ទូហ្គេមបាញ់ត្រីដៃ ៨ ចំនួន ១គ្រឿង,កៅអីជេីងដែកចំនួន ១២ និងកៅអីជ័រចំនួន ០២ ។
បច្ចុប្បន្នសំភារៈ និង វត្ថុតាងខាងលើត្រូវបានសាលាខណ្ឌមានជ័យដឹកយកមករក្សាទុកជាបណ្តោះអាសន្ន ។
សូមបញ្ជាក់ថាក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទបាញ់ត្រីនោះ គឺលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានវាយកំទេចទូហ្គេមនៅនិងកន្លែងតែម្តង ៕ តាឡឹម