ខេត្តស្វាយរៀង ៖ ប្រជាកសិករម្នាក់ បានប្រកបមុខរបរកសិកម្មក្នុងវ័យចំណាស់ ហើយបានដាំដំណាំម្រេច ដើម្បីផ្គត់ផ្គង់ជីវភាព ក្រុមគ្រួសារត្រូវបានប្រជាពលរដ្ឋក្នុងភូមិកោតសរសើរ ដោយសារនៅក្នុងខេត្តស្វាយរៀងគេមិនសូវមានអ្នកណាដាំម្រេចឡើយ។
បើតាមលោកតា ឈ្មោះ សៅ សង់មាន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបដែលជាអ្នកដាំម្រេច បានមានប្រសាសន៍ប្រាប់នគរវត្តថា គាត់មានកូន៥នាក់ ស្រី២នាក់ បានរៀបការបែកចេញទៅរស់នៅតាមប្តី តាមប្រពន្ធកូនអស់ហើយ ។ បច្ចុប្បន្ន គាត់រស់នៅពីរនាក់ប្តីប្រពន្ធ ហើយបានទៅលេងផ្ទះប្អូននៅខេត្តព្រះសីហនុ បានឆ្លងកាត់ខេត្តកំពត បានឃើញចំការម្រេច ក៏ចុះមើលហើយចាប់អារម្មណ៍ ក៏បានសួរនាំម្ចាស់ចំការម្រេច ពីរបៀបដាំដំណាំម្រេចនេះ ក្រោយពីសំណេះសំណាលរួច ចង់ដាំដំណាំម្រេចនេះ ក៏បានសុំចែកទិញកូនម្រេច ប្រមាណ៣០ជ្រលង់ ចាប់ផ្ដើមពីឆ្នាំ២០១៥ មកដល់ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺមាន៤៥ជ្រលង់ ដោយប្រើជីធម្មជាតិធ្វើដោយខ្លួនឯង ដោយយកស្លឹករុក្ខជាតិ និងលាមកសត្វធ្វើជាជីដាក់ម្រេចនេះ ។
លោកតា សៅ សង់មាន បន្តទៀតថា ដំណាំម្រេចរបស់គាត់លូតលាស់ល្អ និងមានទិន្នផលល្អ អ្នកស្រុកបាននាំគ្នាមកមើល ហើយបានទិញផ្លែម្រេចខ្ចីទៅឆាជាមួយសាច់មាន់ ឬពោះតាន់ ស្ទើររាល់ថ្ងៃ គ្រាន់នឹងផ្គត់ផ្គង់ជីវភាពទិញម្ហូបប្រចាំថ្ងៃ ហើយបើម្រេចទុំហាលស្ងួតលក់បានក្នុងមួយគីឡូតម្លៃ៣០,០០០រៀលទៅ៣៥,០០០រៀល ។ ដំណាំម្រេចនេះ ងាយស្រួលដាំមិនរើសដីទេ ឲ្យតែយើងចេះរៀបចំដីបានស្អាត មានកំដៅគ្រប់គ្រាន់ និងប្រើប្រាស់ជីធម្មជាតិ នេះម្រេចមានទិន្នផលល្អប្រសើរហើយ ម្យ៉ាងបើនៅក្នុងតំបន់យើងគ្មានអ្នកដាំម្រេចនោះ គឺជាឱកាសសម្រាប់យើងអ្នកដាំម្រេចជាលក្ខណៈគ្រួសារសម្រាប់លក់ក្នុងភូមិ ឬផ្គត់ផ្គង់ដល់ម៉ូយតាមហាងតូចៗក្នុងភូមិ វាមិនអាចធ្វើជាអ្នកមានបាន ក៏ប៉ុន្តែអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន៕ យឹម សុថាន