ភ្នំពេញ៖ បន្ទាប់ពីការប្រគំតន្ត្រីដែលមានការចូលរួមសម្តែងពីសំណាក់កំពូលតារាចម្រៀង K-Pop របស់កូរ៉េគឺលោករ៉េន (Rain) នៅរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនាពេលថ្មីៗនោះឥឡូវនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការរៀបចំការប្រគំតន្ត្រី Smart Mega Concert សម្រាប់តែអតិថិជនរបស់ខ្លួនជាថ្មីម្តងទៀត ដែលនឹងប្រព្រឹត្តិទៅក្នុងពេល ដ៏ឆាប់ខាងមុខគឺនៅខែធ្នូឆ្នាំ២០១៧។ ការប្រគំតន្ត្រីលើកនេះ នឹងមានការចូលរួមសម្តែងពីតារាចម្រៀង ដ៏ល្បីគឺ កញ្ញា Lee Chae-rin ដែលគេស្គាល់ដោយខ្លីថា កញ្ញា“CL”។។
កញ្ញា CL ដែលមានអាយុ២៦ឆ្នាំ គឺជាអតីតសមាជិករបស់ក្រុមចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ2NE1។ កញ្ញាបានឈ្នះពានរង្វាន់ជាច្រើនលើការ និពន្ធបទចម្រៀងនិងការសម្ដែងបទចម្រៀង។ កញ្ញាCL នឹងឡើងសម្តែងនៅលើឆាកដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាក្រោយពីការសម្ដែងរបស់តារាចម្រៀង ក្នុងស្រុកដូចជាកញ្ញា Nikkie Nikkie កញ្ញា Adda តារាចម្រៀង Bross La លោកថេណា ក្រុម SWSB ក្រុមMustaches Band និងលោកP-Sand។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជាប្រិយភាពរបស់តារាK-Pop នៅកម្ពុជាគឺពិតជាធំធេងណាស់ ។ យើងខ្ញុំមានអារម្មណ៍រំភើបរីករាយ ដែលយើងអាចអញ្ជើញតារាដ៏ល្បីមួយរូបទៀតមកសម្តែងនៅទីក្រុងភ្នំពេញ។ កាលពីប៉ុន្មានឆ្នាំមុនយើងខ្ញុំបានសន្យាថា នឹងអញ្ជើញតារាសម្ដែងកំពូលៗ និងល្បីៗមកសម្តែងឲ្យអតិថិជនរបស់យើងខ្ញុំឲ្យបានជាប្រចាំ។ ជាក់ស្តែងយើងខ្ញុំពិតបានសម្រេចដូចអ្វី ដែលបានសន្យាដោយអញ្ជើញតារានានារួមមាន៖ កញ្ញា Demi Lovato កញ្ញា Jessie J និងលោកRain ហើយពេលនេះ គឺកំពូលតារាចំរៀងម្នាក់ទៀតគឺកញ្ញា CL ដែលនឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់របស់យើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការជឿទុកចិត្តមកលើក្រុមហ៊ុន Smart ក្នុងនាមជាជម្រើសក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍តែមួយគត់ សម្រាប់លោកអ្នកនៅក្នុងព្រះរាជាណាចក្រកម្ពុជាកម្ពុជា”។ លោកថូម៉ាសហ៊ុនបានបន្ថែមទៀតថា៖ “ស្របពេលទៅនិងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងនោះ ក្រុមហ៊ុន Smart បាននឹងកំពុងបន្តឈានមុខ គេលើការអភិវឌ្ឍន៍ វិស័យសិល្បៈតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយបានគាំទ្រសិល្បករ ក្នុងស្រុក និងផ្ដល់ការកម្សាន្តលំដាប់ពិភពលោក”។
ការប្រគំតន្រ្តី Smart Mega Concert នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅកោះពេជ្រ ចាប់ផ្ដើមពីម៉ោង៦:០០ល្ងាចតទៅ ។ ការប្រគំតន្រ្តីនេះ រៀបចំដោយក្រុមហ៊ុន Smart សហការជាមួយក្រុមហ៊ុន HD&S Media Group ដែលជាភ្នាក់ងារមួយមានឯកទេសខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតកម្មភាពយន្ត និងការគ្រប់គ្រងការប្រគំតន្រ្តី។
នាយកផ្នែកគម្រោងពិសេសរបស់ក្រុមហ៊ុន HD&S Media Group លោក Carlos Philip B.Gatdula IV មានសេចក្តីរីករាយ ដែលបានចូលរួមក្នុងការរៀបចំការប្រគំតន្រ្តីនាពេលខាងមុខនេះ។ លោកមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយ និងមានកិត្តិយសណាស់ដែលក្រុមហ៊ុនរបស់យើង បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តល្អជាងគេ នៅព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំការប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រតន្រ្តី K-Pop រាប់ម៉ឺននាក់” ៕ វឌ្ឍនា