ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ក្រុមក្មេងស្ទាវកុំឲ្យវាយប្តី ស្រែករហូតដល់គាំងបេះដូងស្លាប់ទាំងមានផ្ទៃពោះ៤ខែ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែឃើញក្រុមក្មេងស្ទាវមកស្ទាក់ចាំវាយប្តីខ្លួន ក៏ស្រែកឃាត់រហូតគាំងបេះដូងស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគឹម ណារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបកម្មការិនីរោងចក្រ ចំណែកប្តីឈ្មោះនៅ សារ៉េន អាយុ២០ឆ្នាំ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួល លេខ៧ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសជាប្តីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងប្រពន្ធបានទៅជួបជុំគ្នាផឹកសុីនៅបន្ទប់បងប្អូនជីដូនមួយនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ដែលឆ្ងាយពីបន្ទាប់ជួលប្រហែល៣០០ម៉ែត្រពីគ្នា។ បន្ទាប់ពីផឹកសុីរួចរួបគាត់និងប្រពន្ធក៏បានដើមកសម្រាកនៅបន្ទប់វិញ មួយសន្ទុះក្រោយមក ស្រាប់តែម្តាយមីង ក៏ខលមកឲ្យទៅជួយឃាត់កូនគាត់កំពុងឈ្លោះគ្នាដែលទើបតែជួបជុំគ្នារួច។

សាក្សីបានបន្តថា ដោយសារតែនឹកឃើញថា បងប្អូនជីដូនមួយហើយខាងស្រី ទើបតែឆ្លងទន្លេរួចទៀត ក៏បណ្តើរគ្នាជាមួយប្រពន្ធទៅជួយឃាត់។ ពេលទៅដល់ ក៏សម្របសម្រួលគ្នាត្រូវរ៉ូវគ្នាហើយក៏ត្រឡប់មកវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវសាំមួយរៃ និងដុំថ្មស្ទាក់ចាំវាយ ។ ពេលនោះ ដោយខ្លាចក្រុមទាំងនោះវាយត្រូវប្រពន្ធដែលមានផ្ទៃពោះ៤ខែផងនោះ រួបគាត់ក៏បានដើរគេចចេញ ភ្លាមនោះក្រុមទាំងនោះក៏រត់ស្ទុះទៅវាយធ្វើឲ្យប្រពន្ធភ័យស្រែកឃាត់ថា កុំវៃប្តីខ្ញុំ រហូតដល់គាំងប៉ះដូងដួលដេកលើផ្លូវតែម្តង ហើយក្រុមក្មេងស្ទាវក៏បានរត់គេចខ្លួនអស់។

សាក្សីបន្តទៀតថា ដោយឃើញប្រពន្ធដួលបែបនេះ រួបគាត់ក៏មកមើលឃើញប្រពន្ធបាត់មាត់ឈឹង ទើបហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បុរសខាងលើបានបញ្ជាក់ថា ប្រពន្ធរបស់គាត់មានផ្ទៃពោះ៤ខែមកហើយ ។ ដោយឡែកក្រុមក្មេងស្ទាវទាំងនោះ រួបគាត់មិនដែលស្គាល់ និងមានទំនាស់អ្វីពីមុនឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យរួច ដោយមិនពាក់ព័ន្ធនឹងអំពើឃាតកម្មក៏ប្រគល់សពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តជម្ពូវ័នដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖