ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកអិចស្កាវិទ័រម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ក្នុងដេប៉ូខ្សាច់ព្រែព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជាអ្នកបើកគ្រឿងចក្រម្នាក់ត្រូវចរន្តអគ្គិសនីឆក់ ដួលផ្កាប់មុខស្លាប់នៅក្នុងដេប៉ូលក់ខ្សាច់ព្រែកព្នៅ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិឆ្ឆិកាឆ្នាំ ២០១៧នេះ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សាកសពជនរងគ្រោះឈ្មោះ សំ ភាព ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ ស្នាក់នៅក្នុងដេប៉ូខាងលើ មានស្រុកកំណើតនៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

យោងតាមប្រភពពីកម្មករនៅដេប៉ូខ្សាច់ដូចគ្នាឈ្មោះ កប ភារះ និងឈ្មោះឃឿន ជឿន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ពួកគេនិងជនរងគ្រោះបានហូបបាយជុំគ្នា ពេលហូបបាយរួចជនរងគ្រោះឈ្មោះ សំ ភាព បានដើរទៅសម្រាកនៅកន្លែងរបស់ខ្លួន លុះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង៦និង៣០នាទី ឈ្មោះកប ភារះ បានដើរទៅកន្លែងជនរងគ្រោះស្នាក់នៅ ក៍ប្រទះឃើញ ជនរងគ្រោះបានដេកផ្កាប់មុខ ឃើញដូច្នេះរូបគេបានរត់ទៅជួយចាប់ទាញជនរងគ្រោះភ្លាមនោះក៏ត្រូវភ្លើងឆក់បន្តិចដែរ និងស្រែកឆោឡោបង្កការភ្ញាក់ផ្អើលនិងបានដកខ្សែភ្លើងចេញ ប៉ុន្តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយពួកគេមិនដឹងថា ជនរងគ្រោះត្រូវចរន្តអគ្គីសនីឆក់ស្លាប់ តាំងពីពេលណានោះទេ ។ ប្រភពដដែរ បានបន្តទៀតថា នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ មានភ្លៀង ធ្លាក់ ហើយអាចជនរងគ្រោះចុះទៅពីលើគ្រឿងចក្រ ទៅដកឌុយ ភ្លើង ដោយសារតែជើងជាន់ទឹកជាហេតុនាំឲ្យឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅត្រួតពិនិត្យសព ដោយនោះក្បែរសពមានខ្សែរភ្លើង និងនៅលើខ្លួនសពមានស្នាមឆក់ ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារតែចរន្តអគ្គីសនីស្លាប់ ៕ ចាន់ ធឿន


ចែករំលែក៖