ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយរកឃើញថាជនសង្ស័យទាំងពីនាក់់បង្ខំក្មេងប្រុស ស្រី១១នាក់ ឲ្យដើរសុំទាន នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យ០២នាក់ ដែលត្រូវឃាត់ខ្លួន ១/.ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ២/.ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ដែលស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលព័ត៌មានថា មានកុមាររងគ្រោះត្រូវបានជនសង្ស័យទាំងពីរនាក់បង្ខំឲ្យដើរសុំទាននៅតំបន់ប៉ោយប៉ែត ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវកំណត់មុខសញ្ញាហើយឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ប្រុស.ស្រី ចំនួន០២នាក់ និងរំដោះកុមាររងគ្រោះចំនួន១១នាក់ ក្នុងនោះមានកុមារីម្នាក់ ហើយត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កុមាររងគ្រោះទាំង១១នាក់នោះ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ បានបង្ខំពួកខ្លួនឲ្យដើរសុំទានដោយបំបែកគ្នាខ្លះដើរសុំទាន នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ខ្លះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងខ្លះទៀតនៅក្នុងបរិវេណកាស៊ីណូផងដែរ ហើយជនសង្ស័យបានកំណត់ក្នុង១ថ្ងៃម្នាក់សុំទានឲ្យបានប្រាក់៥ម៉ឺនរៀល ទើបឲ្យបាយហូប បើមិនបានតាមកំណត់ពួកគេបង្អត់បាយដល់កុមាររងគ្រោះទាំងនោះ។
លោកបញ្ជាក់ទៀតថា ពេលកុមាររងគ្រោះសុំទានបាន ជនសង្ស័យបានទិញកាវឲ្យពួកគេហិតជាប្រចាំហើយដើរដេកតាមសំយ៉ាមផ្ទះរបស់អ្នកស្រុកទៀតផង ។ ក្រោយពីអាវុធហត្ថជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានឲ្យកុមាររងគ្រោះទាំងនេះដើរសុំទានជាច្រើនខែមកហើយ។
បច្ចុប្បន្ន កុមាររងគ្រោះទាំង១១នាក់ ត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា