ភ្នំពេញ៖ ក្មេងទំនើង៣នាក់ តែងតែអុកឡុក និងវ៉ៃសិស្សនៅក្នុងសាលាត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនយកមកអប់រំ ។ ករណីឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីរវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលាបឋមសិក្សាដង្កោ ឋិតនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្មេងទំនើងទាំងបីនាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស ១៧ឆ្នាំ ជាសិស្សសាលាទួលអំពិល ស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ ឈ្មោះ ស៊ូ មិនឡុង ភេទប្រុស អាយុ១៤ សិស្សសាលាដង្កោ ស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី៣ សាម ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្តះ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានឲ្យដឹងថា ដោយសារតែមានវ៉ៃក្មេងៗដូចជាសិស្សនៅក្នុងសាលារៀនជាញឹកញប់ កម្លាំងប៉ុស្តិ៍បានចេញល្បាតនៅក្នុងមូលដ្ឋានស្រាប់ឃើញក្មេងទំនើង៣នាក់ ដែលកំពុងដើរចូលទៅក្នុងសាលា ដោយសារតែឃើញសភាពមិនស្រួល សមត្ថកិច្ចក៏បានទៅឃាត់ខ្លួនយកមកនាំនៅប៉ុស្តិ៍ដង្កោ ពេលដែលយកមកដល់ប៉ុស្តិ៍សមត្ថកិច្ចបានឲ្យក្រុមក្មេងទំនើងទាំងនោះដោះអាវ ក៏ឃើញស្នាមចាក់សាក់នៅលើដៃជាកន្លែងធ្វើឲ្យខុសពីក្មេងទទៃៗទៀត
បើយោងតាមប្រភពព័ត៌មានពីក្មេងៗសិស្សសាលាបានលើកឡើងថា ក្រុមក្មេងទំនើងទាំងនេះមានគ្នាច្រើន ហើយតែងតែមករករឿង និងវ៉ៃសិស្សសាលាកំពុងតែរត់លេង ពេលដែលលោកគ្រួ អ្នកគ្រួឲ្យចេញលេង ហើយក្រុមនេះវ៉ៃ ហើយជិះម៉ូតូគេចខ្លួនបាត់។
ពេលក្រុមក្មេងទំនើងខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួណយកមកប៉ុស្តិ៍ដង្កោ ណែរនាំអប់រំ និងបានហៅអាណាព្យាបាលឲ្យមកធានាយកត្រឡប់ទៅផ្ទះវិញ៕ ភារ៉ា ដង្កោ