ភ្នំពេញ ៖ លោកសេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់គុនខ្មែរប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា កីឡាករ៤នាក់ក្នុងចំណោម៨នាក់ ជាកីឡាករល្អសម្រាប់រដូវកាលទី១ ដែលគេប្រសិទ្ធនាមថា “TV5 BOXING KNOCK OUT SERIES by K-Cement ”។ ការលើកឡើង របស់អ្នកគ្រប់គ្រងកម្មវិធីប៉ុស្តិ៍លេខ៥ខាងលើកនេះ ធ្វើបន្តបន្ទាប់ ពីការប្រកួតជម្រុះវគ្គ១៦នាក់ ត្រូវបានបញ្ចប់កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។
អ្នកគ្រប់គ្រងកម្មវិធីខាងលើនេះ មិនបានបញ្ជាក់ថា តើកីឡាករណាខ្លះ ដែលរំពឹងថា ឆ្លងផុតវគ្គជម្រុះ៨នាក់ចុងក្រោយឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព័ត្រដណ្តើមពានរង្វាន់ជើងឯក“TV5 BOXING KNOCK OUT SERIES by K-Cement ” នោះទេ។ ប៉ុន្តែលោក សេង កដិកាអះអាងថា កីឡាករ៤នាក់ដែលឆ្លងផុតវគ្គ៨នាក់ចុងក្រោយគឺជាកីឡាករជើងខ្លាំង។
គួររំលឹកថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គជម្រុះ“TV5 BOXING KNOCK OUT SERIES by K-Cement ” ទម្ងន់៦៥គីឡូក្រាម ដំណាក់កាលទី២ របស់សង្វៀនប៉ុស្តិ៍លេខ៥បានបញ្ចប់ ដោយរកឃើញកីឡាករជើងខ្លាំង ៨នាក់ចុងក្រោយគឺកីឡាករ សៅ វណ្ណា មកពីក្លិបយុវជនខណ្ឌច្បារអំពៅ, ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ , ង៉េត រដ្ឋាមកពីក្លិបតាព្រហ្មមានជ័យ , ផន ផាន់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡា សំអាង ឌុន មកពីក្លិបអេភូថងកីឡា,គឹម វាសនា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១, វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានប្ញទ្ធិខេត្តបាត់ដំបងនិងកីឡាករ អ៊ុំ វណ្ណេត មកពីក្លិប មរតកយុទ្ធគុនខ្មែរ ។
សូមជម្រាប់ផងដែរថា សៅ វណ្ណា មកពីក្លិបយុវជនខណ្ឌច្បារអំពៅបានឈ្នះពិន្ទុកីឡាករ វុត្ថា ប៊ុនឃាង មកពីអង្គរធំគុនខ្មែរ ប៉ុន្តែវណ្ណា ក៏រងរបួងធ្ងន់ដែរ ដោយរងនូវស្នៀតវាយ កែងរបស់កីឡាករ ប៊ុនឃាងក្នុងទឹកទី២នោះ ។
ដោយឡែកកីឡាករពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាវាយឈ្នះកីឡាករ មាស សុជាតិមកពីក្លិប ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយពិន្ទុ ខណៈដែលកីឡាករចាន់ សំអាត មកពីក្លិបអប់រំកាយ និងកីឡា ឧត្តរមានជ័យវាយឈ្នះអ្នកប្រដាល់កូនកាត់ថៃ-ជប៉ុនឈ្នះ CHILA XERAVALEK ដោយបោះបង់ការប្រកួតក្នុងទឹកទី៣៕ សារីម