ភ្នំពេញ៖ បុរសម្នាក់ ដែរគេស្គាល់ថា ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្ដិ២ បានជិះរថយន្តសេរីទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898 បានធ្វើសកម្មភាពវាយនឹងបាញ់១គ្រាប់គំរាមសំឡុតបុរសម្នាក់ ក្នុងចំណោមគ្នា៣នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមនិងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរគមន៍ឃាត់ខ្លួនទាំងសងខាងផងដែរ ។
ករណីជម្លោះខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅជិតស្នងការនគរបាលរាជធានីភ្នំពេញ តាមផ្លវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលដែលប្រើកាំភ្លើងវាយនិងបាញ់គំរាមនេះ ឈ្មោះ កេត ផារ៉ែន ថ្នាក់អនុសេនីយ៍ទោ ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ជិះរថយន្តសេរីទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង ដោយកំពុងតែធ្វើដំណើរតាមផ្លូវ ស្រាប់តែភ្លាមនោះមានរថយន្តសេរីទំនើបមួយគ្រឿងបានបើកយ៉ាងលឿននិងកៀរម៉ូតូពួកគេ ប៉ុន្តែមិនបានកៀរប៉ះនោះទេ ភ្លាមនោះរថយន្តក៏បន្តដំណើរទៅមុខទៀត ។
ប្រភពដដែល បានបន្តទៀតថា ពេលរថយន្តមន្រ្តីនគរបាលបើកទៅមុខបាត់មួយសន្ទុះ ក៏ម៉ូតូជនរងគ្រោះបានជិះទៅមុខ ស្រាប់តែឃើញរថយន្តដែលកៀរម៉ូតូរបស់ខ្លួនកំពុងឈប់ ដោយមន្រ្តីនគរបាលដែលជាម្ចាស់រថយន្ត កំពុងតែឈរបត់ជើងតូច ភ្លាមនោះរូបគេទាំង៣នាក់បានចុះពីម៉ូតូ ដើរទៅរករឿងស្រាប់តែ បុរសដែលជាម្ចាស់រថយន្ត បានយកកាំភ្លើងវាយក្បាលបុរសម្នាក់ក្នុងចំណោមបុរសទាំង៣ បណ្តាលឲ្យ បែកក្បាលឈាមពេញមុខ និងបាញ់កាំភ្លើងគំរាម១ គ្រាប់ទៀតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ដោយឃាត់ខ្លួនបុរសទាំងសងខាងបញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ៕ អរុណរះ