ខេត្តកណ្ដាល៖ នគរបាលស្រុកល្វាឯមចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៤៥នាទី ត្រង់ចំណុចផ្លូវកំពង់ដរ ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ (កញ្ចប់មធ្យម១និងកញ្ចប់តូច២) , ទូរសព្ទ័ដៃចំនួន២គ្រឿង និងកាបូបដៃមានប្រាក់ចំនួន ៦៥០០រៀលផងដែរ ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ ពេជ្រ សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកបើកដរផ្លូវត្រី មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំថ្មគរ ស្រុកល្វាឯម ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យឈ្មោះ ពេជ្រ សាវឿន កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគរចុះឃ្លាំមើល និងពួនស្ទាក់បានបានឃើញជនសង្ស័យខាងលើធ្វើសកម្មភាពក៏ឃាត់ខ្លួនរួចសុំធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់រួមទាំងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ