ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ដីធ្លី​ជិត២០មឺុនដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ ទំនាស់​ដីធ្លី​មួយ​ករណី​ដែល​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ មាន​តម្លៃ​ជិត២០ម៉ឺន​ដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ភ្លាមៗ​ មាន​ដើម​បណ្ដឹង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​។

ប្រភព​ព័ត៌មាន​ទម្រាំ​តែ​ហ៊ាន​បង្ហើប​ឱ្យ​ដឹង​បញ្ជាក់​ថា​: បុរស​រូប​នេះ​ឈ្មោះ​ ឆេង​ ប៊ុន​ធឿន​ អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ត្រូវ​បាន​ហៅ​ចូល​មក​សាកសួរ​ កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ចំពោះ​មុខ​លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ ជា​ចៅក្រម​ស៊ើបសួរ​ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៧២៤​ អក​ ចុះ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ។

ប្រភព​ព័ត៌មាន​ដដែល​ បន្ត​ថា​ ក្រោយ​ការ​សាកសួរ​ លោក​ ហុក​ វ៉ាន់​ធីណា​ ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ ឆេង​ ប៊ុន​ធឿន​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ ,​ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​ ,​ លួចលក់​អចលនវត្ថុ​អ្នក​ដទៃ​ “​ តាម​មាត្រា​៥២៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​២៥៣និង​មាត្រា​២៥៥​ នៃច្បាប់​ភូមិ​បាល​ ប្រព្រឹត្ត​នៅ​ភូមិ​លើ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​ថ្ងៃទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ។

ពាក់ព័ន្ធ​ករណី​នេះ​ ប្រភព​ព័ត៌មាន​សឹង​តែ​ពុំ​ហ៊ាន​ទម្លាយ​លួច​បង្ហើប​ថា​ ករណី​នេះ​មាន​ដើម​បណ្ដឹង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ ហើយ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​ ៕ ឆ ដា


ចែករំលែក៖