ព័ត៌មានទាន់ហេតុការណ៍៖

ចំការអំពៅ២២០ហិកតាឆេះម៉ត់សង្ស័យថាមានអ្នកលួចដុតនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោយអគ្គីភ័យឆាបឆេះចំការអំពៅអស់ប្រមាណជាង២០០ហិកតាសង្ស័យថា មានគេលួចដុតបំផ្លាញ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ។

ប្រភពថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុម សុផាតសំណាង ហើយមួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ឆាបឆេះរាលដាលយ៉ាងលឿន ម្យ៉ាងដោយមានខ្យល់បក់បោកពីទិសខាងជើងផង ភ្លើងក៏ រាលឆេះយ៉ាងលឿនបន្តទៅចំការអំពៅរបស់ក្រុមហ៊ុនរឿនសារ៉េន និងក្រុមហ៊ុនអំពៅ លោក កុយឈី។

បើតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងទៀតថា ការខូចខាតអំពៅនោះមានចំនួន០៣

ក្រុមហ៊ុនគឺ៖ ១- ក្រុមហ៊ុន កុយ ឈី ឆេះអំពៅអស់ ចំនួន៣០ហិកតា ២-ក្រុមហ៊ុន រឿន សារ៉េន ឆេះអស់ ចំនួន៧០ហិកតា ៣- ក្រុមហ៊ុន សុផាត សំណាង ឆេះអំពៅអស់ចំនួន១២០ហិកតា។

បើតាមម្ចាស់ក្រុមហ៊ុនអំពៅលោកកុយ ឈីបានត្អូញត្អែរថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានបងប្អូនប្រជាពលរដ្ឋបានលែងក្របីគោ ឲ្យចូលសុីអំពៅអស់រាប់រយហិកតា និងមានភ្លើងឆេះអំពៅជាច្រើនលើកច្រើនសារអស់រាប់សិបហិកតាទៀតផង ធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ហើយថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានមនុស្សលួចដុតឆេះអំពៅអស់ប្រមាណ២២០ហិកតាខូចខាតទាំងស្រុង ដូច្នេះហើយថ្ងែខាងមុខនេះ ប្រហែលជាក្រុមហ៊ុនខ្លះអាចក្ស័យធន់ និងឈប់ដាំអំពៅទៀតហើយ។

រីឯសម្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំនេះគឺពិតជាមានភ្លើងឆេះដំណាំអំពៅស្ករជាច្រើនលើកច្រើនសារ ដោយមានការខូចខាតរាប់រយហិកតា នៅឃុំគគីរសោម និងឃុំព្រៃតាអី ។ ប៉ុន្តែការឆេះដំណាំពៅនេះមិនទាន់ដឹងថា មូលហេតុអ្វីនោះទេ ប៉ុន្តែការសន្និដ្ឋានរបស់ ម្ចាស់ក្រុមហ៊ុនសង្ស័យថា ប្រហែលជាមានអ្នកលូចដុត ព្រោះនៅសុខៗស្រាប់តែមានផ្សែងហុយ និងមានភ្លើងឆាបឆេះយ៉ាងខ្លាំងបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីនេះហើយ ក្រុមហ៊ុនទាំងបីខាងលើសង្ឃឹមថា សមត្ថរកិច្ចនឹងរកមូលហេតុឃើញ និងចាប់ជនបង្កដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖