ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនកំពុងតែបោះជំហានចូលទៅកាន់អឺរ៉ុបកណ្តាលចំណាយប្រាក់យ៉ាងច្រើននៅទីនោះ

ចែករំលែក៖

ចិនពិតជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើន ជាងគេនៅលើពិភពលោក ដោយពេលនេះចិនបានចំណាយប្រាក់ជាច្រើន ក្នុងការជួយដល់ប្រទេសជុំវិញពិភពលោក តាំងពីតំបន់អាស៊ី អាហ្វ្រិក ហើយ ពេលនេះគឺអឺរ៉ុបវិញម្តង ដែលជាតំបន់ ប្រទេសអ្នកមានក៏ត្រូវការជំនួយពីចិននោះដែរ។

នៅក្នុងឱកាសជួបប្រជុំរវាងចិន នឹង ក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត អឺរ៉ុប កណ្តាល និងតំបន់បាល់កង់ ជាសមាជិក និងមិនមែនជាសមាជិកសហភាពអឺរ៉ុប CEEC ដែលនាយករដ្ឋមន្ត្រីចិន បានប្រកាសជូនដំណឹងអំពីការផ្តល់ជំនួយដោយឥត សំណងដល់ទៅ ជិតបីពាន់លានអឺរ៉ូ។ ក្រុម ប្រទេស¨Pecoទាំង១៦ រួមមាន ៖ អាល់ បានី បូស្នី-អ៊ែរហ្សេហ្គោវីន ប៊ុលហ្គារី ក្រូអាស៊ី អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ម៉ាសេ ដ្វាន ម៉ុងតេណេហ្គ្រោ ប៉ូឡូញ សាធារណ រដ្ឋឆេក រ៉ូម៉ានី ស្លូវេនី ស្លូវ៉ាគី និងស៊ែប៊ី។

ក្នុងជំនួបកំពូល ចិន-អឺរ៉ុបកណ្តាល និងខាងកើត China-CEEC នាទីក្រុងប៊ុយ ដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃចន្ទទី ២៧ វិច្ឆិកា នាយករដ្ឋមន្ត្រីចិន លោក លី ខឺ ជាំង បានប្រកាសផ្តល់ជំនួយឥតសំណង ដល់ក្រុមប្រទេសនៅតំបន់នេះ ក្នុងតម្លៃ ទឹកប្រាក់ទំហំជិតបីពាន់លានអឺរ៉ូ ជាជំនួយឧបត្ថម្ភគម្រោងដែលជាចំណែកមួយនៃ នយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់ លោកស៊ី ជីនពីង។

ធនាគារអភិវឌ្ឍន៍ចិន នឹងបើកកញ្ចប់ ថវិកាបម្រុង ២ពាន់លានអឺរ៉ូ សម្រាប់ឱ្យ ក្រុមប្រទេស នៅតំបន់អឺរ៉ុបខាងកើត និង កណ្តាល ប្រើប្រាស់ក្នុងក្របខ័ណ្ឌសមាគមអន្តរធនាគារ Peco ដែលទើបបង្កើតឡើង នៅថ្ងៃចន្ទនេះ ហើយ១ពាន់លានអឺរ៉ូទៀត ជាអំណោយរបស់ចិន សម្រាប់ប្រើជាមូល និធិវិនិយោគ ដែលមួយភាគធំនឹងបានដល់ដៃPecoនេះឯង។ នេះបើតាមការលម្អិតរបស់ លោក លី ខឺជាំង។លោកប្រមុខរដ្ឋាភិ បាលចិនក៏បានធានាអះអាងប្រាប់ ក្រុម បណ្តាប្រទេសនៅអឺរ៉ុបខាងលិចទាំងអស់ដែរថា កុំឱ្យព្រួយបារម្ភចំពោះសកម្មភាព ចិនដែលបង្កើនការវិនិយោគនៅអឺរ៉ុបខាងកើត ព្រោះរាល់កិច្ចសហប្រតិបត្តិការសុទ្ធតែមានតម្លាភាព និងការបើកចំហ ព្រមទាំងស្របតាមក្របខ័ណ្ឌនៃការពង្រីកទំនាក់ ទំនងរវាងចិននឹងសហភាពអឺរ៉ុបប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ជំនួយរបស់ចិន ចំពោះក្រុម ប្រទេសPeco ក៏ជាចំណែកនៃមួយនៃនយោ បាយ ផ្លូវមួយខ្សែក្រវាត់មួយ ផ្តួចផ្តើមឡើង ដោយលោកស៊ី ជីនពីង ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនភ្ជាប់បីទ្វីប គឺទ្វីបអាស៊ី -អឺរ៉ុប-អាហ្វ្រិក។

ឆ្លៀតក្នុងឱកាសនេះដែរ នាយករដ្ឋ មន្ត្រីហុងគ្រី ដែលល្បីខ្លាំងខាងជាតិនិយម លោក វិចទ័រ អ័របង់ បានចាត់ទុកការ វិនិយោគរបស់ចិន ថាជាឱកាសដ៏ប្រពៃ របស់អឺរ៉ុបទាំងមូល ដែលត្រូវឆក់យកឱ្យ បាន។ សម្រាប់លោក អ័របង់ សហភាពអឺរ៉ុបមិនត្រូវទាញទ្វារបិទទេ ពិភពលោកមាន ការ​ប្តូរផ្លាស់ ចិនមានប្រភពធនធានដែលអាចធានាការអភិវឌ្ឍណា ដែលមូលនិធិអឺរ៉ុបមិនអាចធ្វើបានតែម្នាក់ឯង៕ ម៉ែវ សាធី


ចែករំលែក៖