ព័ត៌មានទាន់ហេតុការណ៍៖

រាជ្យបុត្រសាឌីអារ៉ាប៊ីបង់ប្រាក់ជាង១ពាន់លានដុល្លារដើម្បីរួចផុតទោសពុករលួយ

ចែករំលែក៖

ការចរចាមានតម្លៃជាង១ពាន់លានដុល្លារបានជួយដល់ព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី Miteb Bin Abdullah រួចផុតពីទោសពុករលួយ។

សារព័ត៌មានរ៉យទ័របានបានដកស្រងសម្តីមន្ត្រីសាឌីអារ៉ាប៊ីបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អតីតរដ្ឋមន្ត្រីកម្លាំងការពារជាតិ រាជ្យបុត្រ Miteb Bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយពេលចរចានឹងបង់ប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីពុករលួយរបស់លោក។

ជាបុត្រារបស់អតីតព្រះមហាក្សត្រ Abdullah ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅក្នុងសកម្មភាព កម្ចាត់ពុករលួយរបស់រាជ្យទាយាទ Mohammed Bin Salman ។ នៅក្នុងយុទ្ធនាការនោះបានចាប់ខ្លួន រាជ្យបុត្រព្រះអង្គម្ចាស់រហូតដល់១១អង្គ និងរដ្ឋមន្ត្រី៤រូប រួមទាំងអតីត មន្ត្រីរាប់សិបនាក់ទៀត ។ សកម្មភាពខាងលើត្រូវបានគេវាយតម្លៃថា ជាសកម្មភាពក្នុងការពង្រឹងអំណាចរបស់រាជ្យទាយាទ មុនពេលឡើងស្នងរាជ្យសម្បត្តិដឹកនាំសាឌីអារ៉ាប៊ី។

ដើម្បីទទួលបានការដោះលែងឲ្យមានសេរីភាព រាជ្យបុត្រ Miteb បានចំណាយប្រាក់ មួយចំនួនធំរហូតដល់ជាង១ពាន់លានដុល្លារ តាមកិច្ចព្រមព្រៀងដែលបានរៀបចំ។

សមាជិករាជ្យវង្ស និងសាច់ញាតិរបស់ Miteb បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយបង្ហាញឲ្យឃើញថា រាជ្យបុត្របានវិលត្រឡប់មកផ្ទះវិញ នៅទីក្រុង Riyadh ប៉ុន្តែមិនបានបញ្ជាក់ថា ត្រូវដោះលែងដោយរបៀបណានោះឡើយ។

ក្រៅពីនេះ នៅមានរាជ្យបត្រ៤អង្គទៀត ក៏ត្រូវបានដោះលែងនៅក្នុងយុទ្ធនាការបោសម្អាត់អំពើពុករលួយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រោយមានកិច្ចព្រមព្រៀង ។ មន្ត្រីអារ៉ាប៊ីសាអូឌិតមិនបានបញ្ជាក់ឈ្មោះអ្នកដែលបានដោះលែងនោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖